ខេត្តក្រចេះ៖ នគរបាលស្រុកសំបូរបានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុក បានចាប់ឃាត់ខ្លួន រួចកសាងសំណុំរឿងបញ្ជូនមកកាន់សាលាដំបូងខេត្តនៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ ដោយជាប់សង្ស័យលើករណី ប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីជាអនីតិជន ក្រោយពីជននេះ បានផឹកស្រាស្រវឹង រួចយកខ្សែក កាឡៃទៅពាក់ឱ្យក្មេងស្រីរងគ្រោះ ហើយល្បួងចាប់រំលោភតែម្តង។
ជនសង្ស័យម្នាក់នេះ ឈ្មោះ ឡឹក ផលលាភ អាយុ៣៦ឆ្នាំ រស់នៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ហើយត្រូវបាននគរបាលស្រុកចាប់ឃាត់ខ្លួនបានកាលពីល្ងាចថ្ងៃទី១ ខែតុលា តាមបណ្តឹងម្តាយក្មេងស្រីរងគ្រោះ ក្រោយពីជននេះបានចាប់រំលោភសេពសន្ថវៈ លើក្មេងស្រីរងគ្រោះជាអនីតិជន អាយុ១៤ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា តែមិនបានសម្រេច។
អធិការរងស្រុកសំបូរ លោកអនុសេនីយ៍ឯក ឈិន សំបូរ ទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌបានឱ្យដឹងថា នៅថ្ងៃកើតហេតុថ្ងៃទី១ ខែតុលា ជនសង្ស័យម្នាក់នេះបានហៅឪពុកក្មេងស្រីរងគ្រោះមកផឹកស្រាសរ ជាមួយគ្នា អស់ជាច្រើនលីត្រ នៅលើផ្ទះរបស់ជនសង្ស័យ រហូតដល់ល្ងាចថ្ងៃដដែរ ឪពុកក្មេងស្រីរងគ្រោះបានដើរចេញទៅបាត់។
លោកអធិការរងបានបន្តថា ពេលនោះជនសង្ស័យក៏ដើរទៅតាមហៅឪពុកក្មេងស្រីរងគ្រោះនៅផ្ទះ តែពុំឃើញ គឺនៅតែក្មេងស្រីរងគ្រោះជាមួយអូនតូចអាយុ២ឆ្នាំ ដោយឃើញឱកាសល្អជននេះ បានយកខ្សែ ក កាឡៃមួយខ្សែរទៅពាក់ឱ្យក្មេងស្រី ហើយបានឱ្យក្មេងស្រីចុះទៅក្រោមផ្ទះ ហើយជននេះបានចាប់បីនាងយកទៅក្រោយផ្ទះប្រហែល១៥ម៉ែត្រ ហើយបានធ្វើសកម្មភាពចាប់រំលោភតែម្តង។
លោកបានបញ្ជាក់ថា ដោយសារការស្រែក និងការរើបម្រាស់របស់ក្មេងស្រី ជននេះបានច្របាច់ ក និងដាល់លើពោះក្មេងស្រីរងគ្រោះ ។លោកថា ខណៈដែលជននេះកំពុងធ្វើសកម្មភាព គ៏មានអ្នកភូមិនៅក្បែរនោះ បានមកផ្ទះក្មេងស្រីរងគ្រោះហើយបានស្រែកហៅរក ពេលលឺអ្នកភូមិស្រែកហៅរកជននេះបានគំរាមសម្លាប់បើសិនជាយករឿងនេះប្រាប់គេ ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ ។
នៅចំពោះមុខសមត្ថកិច្ច ជននេះបានសារភាពថា រូបគេពិតជាបានធ្វើ់សកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះប្រាកដមែន តែមិនបានសម្រេច ព្រោះដោយសាររូបគេស្រវឹងស្រាខ្លាំងពេក ៕
ដោយ៖ កោះទ្រុង