កូរ៉េខាងត្បូងនិងអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅថ្ងៃទី ៥ខែកក្កដា នេះ ដែលជាការ ប្រមាណដល់កូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ។
សម្ព័ន្ធមិត្តយោធាអាមេរិក និងកូរ៉េខាងត្បូង បានបាញ់មីស៊ីលជាច្រើនគ្រាប់ នៅក្នុងការធ្វើសមយុទ្ធនោះ ក្នុងនោះមានមីស៊ីលHyunmoo-2A ផលិតដោយបច្ចេកវិទ្យាកូរ៉េខាងជើងផ្ទាល់ និងមីស៊ីលATCMS របស់កម្លាំងទាហានអាមេរិក ដោយបាញ់ចេញទៅសមុទ្រ ភាគខាងកើត។
មីស៊ីលHyunmoo-2A ជាប្រភេទ បាញ់បានចម្ងាយ ៣០០គិឡូម៉ែត្រ ចំណែក ATCMS របស់អាមេរិកជាប្រភេទ វាយប្រហារពីដីទៅលើគោលដៅនៅលើដីដ៏ទំនើប អាចបំផ្លាញទីតាំងនានារបស់កូរ៉េខាងជើង។
ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតខាងលើ គឺធ្វើតាមការបញ្ជាររបស់ប្រធានាធិបតី មូន ជេអីន ។ ប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ចាក់ថា កម្លាំងទាហានទាំងពីរចាំបាច់ត្រូវតែមានសកម្មភាព ពិតប្រាកដ ក្នុងការធ្វើសង្គ្រាម និងជាការត្រៀមលក្ខណ ទប់ទលនិងវាយប្រហារ។ មិនត្រឹមតែប៉ុណ្ណោះប្រធានាធិបតីកូរ៉េខាងត្បូងបានស្នើរដល់ ប្រធានាធិបតីដូណាលត្រាំ បញ្ចូនទីព្រឹក្សាយោធា មកកាន់កូរ៉េខាងត្បូងទៀតផង។
កម្លាំងទាហានអាមេរិក ក៏បានប្រកាសផងដែរថា នឹងបញ្ចូនអាវុធទំនើបមកទីនេះដើម្បីទប់ស្កាត់ សកម្មភាពខុសច្បាប់របស់កូរ៉ែខាងជើង។ មេបញ្ជាការ កងកម្លាំងទាហានអាមេរិកប្រចាំនៅកូរ៉េខាងត្បូងបានឲ្យដឹងថា «ការហាតសម គឺដើម្បីអាវវាយប្រហារព្រមគ្នាទៅលើគោលដៅជាច្រើនក្នុងពេលតែមួយនៅលើទឹកដីកូរ៉េខាងជើង បំផ្លាញអាវុធទំនើបៗរបស់ប្រទេសនេះ ។ ទាំងនោះហើយទើបអាចទប់ស្កាត ការវាយបកពីកូរ៉េខាងជើង វិញ។
ពាក់ព័ន្ធនិងសកម្មភាពខាងលើនោះដែរ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃទី៥ខែកក្កដានេះ បានមានប្រសាសន៍ថា លោកយល់ឃើញថា មានភាពអាចទៅរួចដ៏ខ្ពស់បំផុត ដែលប្រទេសកូរ៉េខាងជើង នឹងធ្វើតេស្តនុយក្លេអ៊ែលើកទី៦ បន្ទាប់ពីការបាញ់តេស្ត មីស៊ីលផ្លោងឆ្លងទ្វីប ទទួលបានជោគជ័យ ជាលើកដំបូងរបស់ខ្លួន ។
ជាការឆ្លើយតបទៅនឹង សំនួររបស់សមាជិកសភាមួយរូប ថាតើលោកជឿថា កូរ៉េខាងជើង នឹងធ្វើតេស្តនុយក្លេអ៊ែឆាប់ៗនេះដែរ ឬក៏អត់នោះ លោករដ្ឋមន្ត្រីការពារជាតិ ហាន មីនកូ បានប្រាប់សភាថា គោលដៅចម្បង របស់កូរ៉េខាងជើង គឺការសម្រេចបាននូវអំណាច នុយក្លេអ៊ែរបស់ខ្លួន ដូច្នេះគាត់យល់ឃើញថា នឹងមានឱកាសខ្ពស់បំផុត ដែលការធ្វើតេស្តនុយក្លេអ៊ែ នឹងកើតឡើង ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែរកមិនឃើញ សញ្ញាខុសប្រក្រតី នៃការរៀបធ្វើតេស្តនោះនៅឡើយ ។
គួរបញ្ជាក់ផងដែរថា ប្រទេសកុម្មុយនិស្តផ្ដាច់ការ កូរ៉េខាងជើង បាននិយាយថា ខ្លួនទើបបានធ្វើតេស្តមីស៊ីលផ្លោង ទើបអភិវឌ្ឍថ្មីមួយ កាលពីថ្ងៃអង្គារ ដែលអ្នកជំនាញខ្លះ មានជំនឿថា មីស៊ីលផ្លោងឆ្លងទ្វីបថ្មីនេះ គឺពិតជាមានសមត្ថភាព អាចវាយប្រហារដល់ផ្នែកខ្លះ នៃទឹកដីសហរដ្ឋអាមេរិក ៕