ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកកោះធំ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសំពៅពូនចេញល្បាតនៅពេលយប់បង្ក្រាបបានករណីជួញដូរសត្វព្រៃឆ្លងដែនទៅលក់ នៅប្រទេសវៀតណាម ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម២នាក់ ដកហូតវត្ថុតាងសត្វអណ្តើកចំនួន៤៤ក្បាល ។
ប្រតិបត្តិការបង្ក្រាបករណីជួញដូរសត្វព្រៃខុសច្បាប់នេះធ្វើឡើង កាលពីវេលាម៉ោង១០ និង៥៥នាទីយប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ត្រង់ចំណុចខាងក្រោយវត្តសំពៅមាស ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
អធិការនគរបាលស្រុកកោះធំលោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានឲ្យដឹងថា ជនសង្ស័យជាជនជាតិវៀតណាមដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ថិត វ៉ៃ ភេទប្រុស អាយុ១៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ វ៉ឹង ទូ ភេទប្រុស អាយុ១៩ឆ្នាំ ។ ជនសង្ស័ងទាំង២នាក់នេះស្នាក់នៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ។ ជាមួយនឹងការឃាត់ខ្លួននេះដែរសមត្ថកិច្ចបានធ្វើការដកហូតសត្វអណ្តើកចំនួន៤៤ក្បាល ដែលជនសង្ស័យច្រកចូលក្នុងស្បោងចំនួន៤បម្រុងរែកឆ្លងដែនទៅប្រទេសវៀតណាម ។
លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីអ៊ាវ ចំរើនស្នងការនគរបាលខេត្តកណ្តាល ក្នុងនាមលោកជាអធិការនគរបាលស្រុកកោះធំបានដឹកនាំកម្លាំងនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលចេញល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ជាពិសេសបង្កាទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលកើតមានឲ្យបានទាន់ពេលវេលា ។
ជាក់ស្តែងនៅវេលាយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ កម្លាំងនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋសំពៅពូនចេញល្បាត បានប្រទះឃើញមុខសញ្ញាជនសង្ស័យកំពុងធ្វើសកម្មភាពនៅខាងក្រោយវត្តសមពៅមាស ។ ភ្លាមនោះកម្លាំងល្បាតក៏បានចេញស្ទាក់ឃាត់ខ្លួនជនសង្ស័យបាន២នាក់ជាកម្មករ ខណៈដែលជនសង្ស័យផ្សេងទៀតនាំគ្នាលោតចូលទៅក្នុងព្រែកប៊ិនយីហែលឆ្លងដែនទៅខាងដីវៀតណាម។ ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានឆែកឆេររកឃើញមានវត្ថុតាងសត្វអណ្តើកចំនួន៤៤ក្បាល ក៏ឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកទាំងយប់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ