គ្រាប់បែក២គ្រាប់បានកើតឡើងនៅក្នុងរដ្ឋធានី Abuja ប្រទេសនីហ្សេរីយ៉ាបណ្តាលឲ្យស្លាប់ និងរបួសច្រើននាក់ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអាជ្ញាធរនីហ្សេរីយ៉ា ។
ហេតុការណ៍ផ្ទុះគ្រាប់បែកលើកទីមួយបានកើតឡើងនៅជិតស្នាក់ការប៉ូលិស ក្នុងតំបន់ Kuje ចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីរដ្ឋធានី Abuja ខណៈដែលគ្រាប់បែកមួយគ្រាប់ទៀតបានផ្ទុះឡើងនៅចំណតរថយន្តក្រុង ក្នុងតំបន់ Nyanya ។
ទីភ្នាក់ងារព័ត៌មានAFP បានស្រង់ប្រភពពីមន្ត្រីក្នុងតំបន់បញ្ជាក់ថា មនុស្ស១០នាក់បានរងរបួសធ្ងន់ ហើយក្នុងចំណោមនោះម្នាក់បានបាត់បង់ជីវិត ។
ការវាយប្រហារនាពេលកន្លងនៅក្នុងទីក្រុង Abuja ដែលធ្វើឡើងដោយក្រុមឧទ្ទាមបូកូហារ៉ាមនោះ ពួកគេតែងតែធ្វើឡើងនៅតំបន់ភាគឦសាន្តទីក្រុងនេះ ។ Maiduguri ជាទីក្រុងស្ថិតនៅក្នុងរដ្ឋ Borno ប្រទេសនីហ្សេរីយ៉ា ។ នៅក្នុងឆ្នាំ២០០៩ គេឃើញវត្តមានក្រុមឧទ្ទាមជាលើកដំបូងនៅទីនេះដើម្បីបង្កើតទៅជាដែនដីស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមរដ្ឋអិស្លាម ។
លោក Manzo Ezekiel អ្នកនាំពាក្យនាយកដ្ឋានគ្រប់គ្រងមហន្តរាយជាតិនីហ្សេរីយ៉ាបានបញ្ជាក់ថា ហេតុការណ៍វាយប្រហារគ្រាប់បែកទាំង២លើកខាងលើនេះបានកើតឡើងក្នុងពេលដំណាលគ្នា នៅវេលាម៉ោង២២និង៣០នាទី ម៉ោងនៅក្នុងតំបន់ ។ លោកបន្តថា ពិតជាបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ប៉ុន្តែយើងនៅមិនទាន់ដឹងថាតើមានចំនួនប៉ុន្មាននាក់នោះឡើយ ។ លោកបន្តថា គ្រឿងផ្ទុះ និងសកម្មភាពវាយប្រហារគឺប្រហាក់ប្រហែលគ្នា ។
សេចក្តីរាយការណ៍នានាបានបញ្ជាក់ថា អំពើហិង្សាកើតឡើងដោយសារតែក្រុមឧទ្ទាមបូកូហារ៉ាមនៅក្នុងប្រទេសនីហ្សេរីយ៉ានោះបណ្តាលឲ្យបាត់បង់ជីវិតជិត១៧០.០០០នាក់ ។ ប្រធានាធិបតីថ្មីរបស់នីហ្សេរីយ៉ា លោក Muhammadu Buhar ដែលបានជាប់ឆ្នោតកាលពីខែឧសភា ឆ្នាំ២០១៥នោះបានប្តេជ្ញាថា នឹងចាត់វិធានការបោសសម្អាតក្រុមឧទ្ទាមបូកូហារ៉ាមឲ្យអស់ពីទឹកដីរបស់ខ្លួន ។
នៅក្នុងឆ្នាំ២០១៥នេះ កងកម្លាំងសន្តិសុខនីហ្សេរីយ៉ា រួមជាមួយកម្លាំងសន្តិសុខប្រទេសជិតខាងផងដែរបានចងសម្ពន្ធមិត្តវាយប្រហារបណ្តេញក្រុមឧទ្ទាមបូកូហារ៉ាមរត់ខ្ចាត់ខ្ចាយពីដែនដីមួយចំនួនធំ ព្រមទាំងដោះលែងជនរងគ្រោះជាច្រើនរយនាក់ ដែលក្រុមឧទ្ទាមចាប់ជំរិតផងដែរ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត