ខេត្តមណ្ឌលគិរី៖ លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ បានដឹកនាំកងកម្លាំងដោយផ្ទាល់ ចុះទៅបេនឡានក្រុងសែនមនោរម្យ ដើម្បីត្រួតពិនិត្យលើសណ្តាប់ធ្នាប់ចរាចរណ៍ប្រចាំថ្ងៃនាឱកាសបុណ្យភ្ជុំបិណ្ឌ និងណែនាំដល់ម្ចាស់យានយន្ត ទាំងរថយន្តឈ្នួល រថយន្តក្រុង និងយានយន្តធ្វើដំណើរគ្រប់ប្រភេទ មិនឲ្យបើកហួសល្បឿនកំណត់ ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។
ក្នុងការចុះប្រតិបត្តិការនេះដែរ លោកស្នងការក៏បានណែនាំដល់អាជីវករទាំងអស់ឲ្យចូលរួមសហការជាមួយកងកម្លាំងនគរបាល ដោយអនុវត្តតាមសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការពង្រឹងការអនុវត្តសារាចរអន្តរក្រសួង លេខ០០១ សរ.បផ-បទ ដែលក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយក្រសួងប្រិយសនីយ៍និងទួរគមនាគមន៍ កាលពីពេលកន្លងមកស្តីពីការធ្វើអាជីវកម្ម។
លោកស្នងការ ក៏បានពន្យល់ណែនាំដល់ម្ចាស់យានយន្តឈ្មួលទាំងអស់ កុំឲ្យដំឡើងថ្លៃរថយន្ត ថ្លៃខុសពីធម្មតា នៅក្នុងរដូវភ្ជុំបិណ្យ ស្របតាមសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាការណែនាំបន្តរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីពេលកន្លងមក។
ជាមួយគ្នាលោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ឲ្យមានការចូលរួមសហការជាមួយសមត្ថកិច្ចឲ្យបានល្អ និងជាប្រចាំ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថភាព ទាំង៩ចំណុច ធានាឲ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈ ៕
ដោយ៖ ហេង សូរិយា