ប្រភពព័ត៌មានបានរាយការណ៍កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ថា ពលរដ្ឋអាមេរិកម្នាក់ត្រូវបាញ់សម្លាប់នៅក្នុងប្រទេសបង់ក្លាដែស ដែលជាជនបរទេសទី២បានស្លាប់ដោយសារការបាញ់ប្រហារនៅក្នុងប្រទេសនេះក្នុងអំឡុងពេលមួយសប្តាហ៍ប៉ុណ្ណោះ ។
អ្នកការទូតបរទេសជាច្រើនបានសម្តែងការព្រួយបារម្ភចំពោះប្រទេសតំបន់អាស៊ីភាគអាគ្នេយ៍មួយនេះទាក់ទងបញ្ហាសន្តិសុខ ក្រោយពីជនជាតិអ៊ីតាលីម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារក្នុងសប្តាហ៍នេះ ហើយដែលក្រុមរដ្ឋអិស្លាមបានប្រកាសទទួលស្គាល់ថា ជាទង្វើរបស់ពួកគេនោះ ។
ការបាញ់សម្លាប់ទៅលើជនបរទេសនៅក្នុងប្រទេសបង់ក្លាសដែសគឺកម្រកើតមានណាស់ក្នុងពេលអតីតកាល បើទោះបីមានការប្រទាក់ក្រឡាគ្នាស្មុគស្មាញរវាងអ្នកកាន់សាសនាផ្សេងៗក៏ដោយ ។
ប៉ូលិសក្នុងតំបន់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់បានបាញ់ប្រហារទៅលើបុរសឈ្មោះ Hoshi Kunio អាយុ៦៥ឆ្នាំ កាលពីវេលាម៉ោង១០ព្រឹក ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរទៅកាន់ តំបន់ Kownia ចម្ងាយប្រមាណ៣៣៥គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Dhaka ។ ជនរងគ្រោះបានបាត់បង់ជីវិតខណៈកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
មន្ត្រីប៉ូលិសក្នុងតំបន់ឈ្មោះ Rezaul Karim បានថ្លែងថា ជនរងគ្រោះបានរងគ្រាបនៅត្រង់ទ្រូង ដៃ និងជើង ។ ប្រភពមិនទាន់បញ្ជាក់ពីជនជាឃាតកនោះឡើយ ដោយអះអាងថា សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ។
មន្ត្រីស្ថានទូតជប៉ុនប្រចាំនៅបង់ក្លាដែសបានបញ្ជាក់ថា ខ្លួនកំពុងទាក់ទងរកព័ត៌មានលម្អិតពាក់ព័ន្ធការបាញ់សម្លាប់ Kunio ដែលមានដើមកំណើតបង់ក្លាដែសនេះ ។
ពលរដ្ឋអ៊ីតាលីម្នាក់ឈ្មោះ Cesare Tavella បម្រើការអង្គការសន្តិសុខស្បៀងអាហារនៅក្នុងប្រទេសបង់ក្លាដែសត្រូវរងការបាញ់សម្លាប់ពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ៣នាក់កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅក្នុងទីក្រុង Dhaka ប្រទេសបង់ក្លាដែស ៕
ប្រែសម្រួល៖ ថាច់ យ៉ាត