ភ្នំពេញ៖ ជនសង្ស័យ ៣នាក់ធ្វើសកម្មភាពគំរាមវាយប្លន់ យកម៉ូតូម៉ាកធូឌេបានសម្រចរួចជិះគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនូវបក្ខពួកម្នាក់ត្រូវប្រជាពលរដ្ឋចាប់វាយឡើងទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ច ហេតុការនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដមកែងនិងផ្លូវ ៤៦៦ ជាប់របងក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់១ខណ្ឌចំការមន។
ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះរិន ចំរុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរហៅម៉ូយដាក់ឡាន ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។ និងបក្ខពួក២នាក់ទៀតដែលរត់គេចខ្លួនបាត់មានឈ្មោះ ទី១ អារ៉ូ និងទី២ អារ៉ា ភេទប្រុស មានអាយុប្រហែល២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងទំពុង ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយពួគគេទាំង៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FC-7056 ។ ចំណែកជនរងគ្រោះទាំង៣នាក់សុំមិនបញ្ចេញឈ្មោះ ដោយប្រាប់ថា ពួកគេជិះម៉ូតូម៉ាក ធូដេ ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ1DD-7493 ។
យោងតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គេមាន៣នាក់ចេញមកពីរលើកម្ហូបរត់តុរោងការ ដោយបក្ខពួករបស់ខ្លួនម្នាក់មិនស្រួលខ្លួនបានជិះម៉ូតូដើរ រកប៉ាម៉ាសុីដើម្បីទិញថ្នាំលេប ដោយធ្វើដំណើរពីរច្បារអំពៅមកតាមបណ្ដោយផ្លូវព្រះនរោត្ដមទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុស្រាប់តែលិចមុខជនសង្ស័យ ៣នាក់ជិះម៉ូតូ ១គ្រឿងម៉ាកស្កុបពីមកពីក្រោយឆក់ទូរសព្ទ័ពីជនរងគ្រោះតែមិនបានសម្រេចក៏ជិះម៉ូតូកៀជនរងគ្រោះអោយឈប់រួចបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូតែម្ដង ភ្លាមៗពួកគេបានយកជិះគេចខ្លួនដោយប្រញាប់ពេកគ្នាគេម្នាក់ឡើងជិះមិនទាន់ពេលរងគ្រោះបានស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាដេញតាមចាប់បានហើយស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួន។
ក្រោយពេលកើតហេតុកម្លាំងកងរាជអាវុធហត្ថ ខណ្ឌចំការមន បានមកដល់កន្លែងហេតុរួចបានយកជនសង្ស័យទៅធ្វើការសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន និងកសាងសុំណុំចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
...
ដោយ ៖ ភារ៉ា ដង្កោ