ខេត្តបាត់ដំបង ៖ ជនសង្ស័យជាចោរប្លន់បាញ់សម្លាប់និងកាប់ទៅលើជនរងគ្រោះ២នាក់ស្លាប់ប្លន់យកម៉ូតូ១គ្រឿងនៅតំបន់ដាច់ស្រាយ៉ាលត្រូវបានសមត្ថកិច្ចស្រាវជ្រាវកំណត់មុខសញ្ញាបានហើយ។កម្លាំងសមត្ថកិច្ច ខេត្តបាត់ដំបងកំពុងតាមស្វែងរកចាប់ខ្លួនជនសង្ស័យជាចោរប្លន់នោះដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។បើយោងតាមការបញ្ជាក់ឱ្យដឹងពីលោកស្នងការរងខេត្តបាត់ដំបង ទទួលផែនព្រហ្មទណ្ឌឧត្តមសេនីយ៍ត្រី ជេត វណ្ណី កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។
សូមបញ្ជាក់ថាកាលពីវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំមួយកន្លែងស្ថិតនៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុលបវេល ខេត្តបាត់ដំបង មានបុរស២នាក់ជិះម៉ូតូ១គ្រឿងម៉ាកវេវពណ៌ស ឌុបគ្នា ជិះចេញពីផ្ទះរបស់ខ្លួនដើម្បីមករកទិញម៉ូតូនៅស្រុកបវេល(ជនរងគ្រោះជាអ្នកលក់ទិញម៉ូតូ)លុះធ្វើដំណើរដល់ចំណុចខាងលើកន្លែងស្ងាត់មានព្រៃដើមសង្កែអមសងខាងផ្លូវក៏ត្រូវបានចោរប្លន់សម្ងំក្នុងព្រៃសង្កែប្រើកាំភ្លើងបាញ់ជនរងគ្រោះម្នាក់ជាបើកម៉ូតូចំដើមទ្រូងធ្លាយដល់បោះដៃផុតបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។ចំណែកបុរសម្នាក់ទៀតរួមដំណើរជាមួយគ្នាត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងដើមសង្កែចម្ងាយពីសពអ្នកបើកម៉ូតូប្រហែល២ទៅ៣ម៉ែត្រត្រូវបានចោរប្លន់ប្រើប្រាស់ពូថៅកាប់ជនរងគ្រោះជាច្រើនកន្លែង។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិកើតហេតុប្រាប់ឱ្យដឹងថាចោរប្លន់មានតែម្នាក់ឯងនោះទេ ស្ពាយសាក់កាដូ ដាក់កាំភ្លើង ពាក់អាវឆ្នូតស ស្លៀកខោពណ៌ស ក្រោយពីធ្វើសកម្មភាព ចោរប្លន់ត្រូវបានបុរសម្នាក់ធ្វើស្រែនៅក្បែរកន្លែងកើតហេតុឡើងពីស្រែជួប ចោរប្លន់នោះ ហើយត្រូវចោរប្លន់គំរាមសម្លាប់ដោយដេញបុរសនោះទៅផ្ទះផងទៀត។បន្ទាប់មកចោរប្លន់ក៏ជិះម៉ូតូជនរងគ្រោះយកទៅបាត់។
បើតាមប្រភពព័ត៌មានពីនគរបាលឃុំខ្នាចរមាសប្រាប់ឱ្យដឹងថា នៅកន្លែងកើតហេតុសមត្ថកិច្ចពិនិត្យរកឃើញសំបកកាទុះកាំភ្លើង១គ្រាប់ និងគ្រាប់កាំភ្លើងអាការ១គ្រាប់ចោរប្លន់បាញ់អាក់ស្តង់ កាំភ្លើងដែលចោរប្លន់ធ្វើសកម្មភាពជាកាំភ្លើងអាកា។
សមត្ថកិច្ចពិនិត្យឃើញទៀតថាចោរប្លន់បានពួនស្ទាក់នៅក្នុងព្រៃសង្កែរងចាំបាញ់ប្លន់ យកម៉ូតូជនរងគ្រោះតែម្តង។ជនរងគ្រោះមានឈ្មោះ១,ហួត ឈឿង អាយុ៤៥ឆ្នាំ រស់នៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ជាអ្នកបើកម៉ូតូនិងម្ចាស់ម៉ូតូ២,រឿន រិទ្ធ អាយុ២៦ឆ្នាំ ជាអ្នករួមដំណើរជនរងគ្រោះរស់នៅភូមិឃុំជាមួយគ្នា។សពជនរងគ្រោះទាំង២នាក់ត្រូវបានសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនោះហើយ ៕ សំ វិច្ឆិកា