ភ្នំពេញ ៖ អតីតនគរបាលក្រុងភ្នំពេញ ដែលបាញ់ជិត១០គ្រាប់នៅខណ្ឌដូនពេញ បង្កអសន្តិសុខក្នុងសង្គម ត្រូវបានបញ្ជូនមកដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នេះ ដើម្បីចាត់ការតាមច្បាប់ ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅខណ្ឌដូនពេញ បានចូលសារភាព នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ។ ខ្មាន់កាំភ្លើងនោះមានឈ្មោះ ទូច បូភាព អាយុ៣៥ឆ្នាំ ដែលបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ កាលពីវេលា ម៉ោង១០៖៣០នាទី យប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។
កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាបញ្ជាឲ្យ ឈ្មោះ ទូច បូភាព ដែលខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ ចូលទៅបង្ហាញខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឲ្យបានមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ៕ ចេស្តា