ខេត្តសៀមរាប៖ ព្រៃលិចទឹកដែលជាជម្រកត្រីពងកូនរាប់សិបហិកតាត្រូវបានគេយកត្រាក់ទ័រឈូសឆាយកំទេចចោលវាទទីយកដីជីកស្រះចិញ្ចឹមត្រីឆ្តោរគ្មានអ្នកអើពើសង្ស័យសមត្ថកិច្ចជំនាញជលផលនិងអាជ្ញាធរមូលដ្ឋានអាចទទួលបានផលប្រយោជន៍ក្នុងករណីឈ្មួញទន្រ្ទានយកនេះ?
ព្រៃលិចទឹករាប់សិបហិកតាដែលត្រូវបានគេឈូសបំផ្លាញចោលនេះស្ថិតនៅក្នុងភូមិ តាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាបនិងស្ថិតក្នុងដែនសមត្ថកិច្ចលោក ហោ ឡា នាយសង្កាត់រដ្ឋបាលជលផលកំពង់ឃ្លាំងនិងលោក រឹម ស៊ុំមអុន ជានាយផ្នែកជលផលដំដែកទទួលបន្ទុករួមគ្រប់គ្រង។
បើតាមការបញ្ជាក់ពីមេឃុំកំពង់ឃ្លាំងបានអោយដឹងថា: ថ្មីៗនេះមានក្រុមអ្នកមានលុយនិងមានអំណាចនៅក្នុងឃុំកំពង់ឃ្លាំងបានយកត្រាក់ទ័រជាច្រើនគ្រឿងមកឈូសឆាយព្រៃលិចទឹកកំទេចចោលរាបសិបហិកតានិងយកអិចស្ការជាច្រើនគ្រឿងជីកស្រះចិញ្ចឹមត្រីឆ្តោរដែលជាបទល្មើសច្បាប់ហាមឃាត់។
អាជ្ញាធរបន្តថា: ការដែលក្រុមអ្នកមានលុយនិងមានអំណាចហ៊ានថ្លើមធំយកត្រាក់ទ័រមកឈូសបំផ្លាញព្រៃលិចទឹកជាច្រើនហិកតាបានដោយរលូនគឺមានការឃុបឃិតគ្នារវាងអាជ្ញាធរមូលដ្ឋានខ្លះរហូតដល់ថ្នាក់ស្រុក ពិសេសសមត្ថកិច្ចជំនាញជលផលកំពង់ឃ្លាំងរហូតដល់ខណ្ឌរដ្ឋបាលខេត្តសៀមរាប។
ប្រពភខ្លះបានបញ្ជាក់ថា: នៅក្នុងឃុំកំពង់ឃ្លាំងទាំងមូលពោរពេញទៅដោយការកាប់បំផ្លាញព្រៃលិចទឹកនិងជីកស្រះចិញ្ចឹមត្រីឆ្តោរយ៉ាងច្រើនលើសលប់។ក្នុងនោះមានភូមិតាច្រនៀង ដែលមានស្រះចិញ្ចឹមត្រីឆ្តោរហូតរាប់រយស្រះ។
បើតាមព្រភពពីសមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា: ក្រុមថៅកែអ្នកមានលុយនិងមានអំណាចទាំងនោះមានគំរោងឈូសកំទេចព្រៃលិចទឹកបន្តទៀតគឺពីទីតាំងចាស់ដែលឈូសរួចរាល់ហើយនោះបន្តឈូសព្រៃលិចទឹកឆ្ពៅទៅភូមិផ្សារឃ្លាំងក្រោមទៀតបច្ចុប្បន្នអិចស្ការកំពុងជីកស្រះចិញ្ចឹមត្រីឆ្តោររៀងរាល់ថ្ងៃ។
ប្រភពដដែលបានបន្តថានៅចំណុចភូមិតាច្រនៀងមានឈ្មោះ ហេង ជាជនជាតិវៀតណាមដែលជាអ្នកជួញដូរកូនត្រីឆ្តោររាប់រយតោនមកពីប្រទេសវៀតណាមយកមកលក់ចែកចាយនៅឃុំកំពង់ឃ្លាំងនិងតំបន់ផ្សេងៗទៀតក្នុងខេត្តសៀមរាបពិសេស ឈ្មោះ ហេងនេះក៍មានចិញ្ចឹមត្រីឆ្តោររាប់សិបស្រះធំជាងគេក្នុងឃុំកំពង់ឃ្លាំងដែលក្នុងមួយស្រះៗរហូតដល់១០តោនកូនត្រីឆ្តោរ។
ទាក់ទិននិងបទល្មើសខាងលើលោក ហោ ឡា នាយសង្កាត់រដ្ឋបាលជលផលកំពង់ឃ្លាំងមិនអាចសុំការបំភ្លឺបានទេជុំវិញការឈូសឆាយព្រៃលិចទឹករាប់សិមហិកតានៅក្នុងភូមិ តាច្រនៀងនិងស្រះចិញ្ចឹមត្រីឆ្តោររាប់រយដោយទូរសព្ទ័ចូលជាច្រើនដងគ្មានអ្នកទទួល។ ចំណែក លោក រឹម ស៊ុំមអុន នាយផ្នែករដ្ឋបាលជលផលដំដែកទទួលបន្ទុករួមបានអោយដឹងតាមទូរសព្ទ័នារសៀលថ្ងៃទី០៣ខែកក្កដាឆ្នាំ២០១៥ថា:លោកមិនបានដឹងនោះទេបើមានមែនចាំលោកអោយកម្លាំងចុះទៅមើល។
ដោយឡែកលោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប មិនបានបំភ្លឺជុំវិញការឈូសឆាយព្រៃលិចទឹកខាងលើនិងស្រះចិញ្ចឹមត្រីឆ្តោរនោះទេ ដោយលោកលើកទូរសព្ទ័ហើយនិយាយយ៉ាងខ្លីថា:ខ្ញុំកំពុងជាប់រវល់ រួចក៏បិទវិញ។
ចំណែកលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគមបានអោយដឹងតាមទូរសព្ទ័នៅរសៀលថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១៥ថា: លោកមិនបានដឹងនោះទេព្រោះលោកតែងតែអោយកម្លាំងនគរបាលមូលដ្ឋានចុះត្រួតពិនិត្យមើលរៀងរាល់សប្តាហ៍ម្យ៉ាងទៀតកាលពីប៉ុន្មានថ្ងៃមុននេះមានការឈូសឆាយព្រៃបន្តិចបន្ទួចនៅក្រោយភូមិតាច្រនៀងតែលោកបានអោយសមត្ថកិច្ចទៅបញ្ឈប់រួចរាល់អស់ហើយ។រីឯការចិញ្ចឹមត្រីឆ្តោរលោកនិងអភិបាលខេត្តទទួលបន្ទុកតែងតែចុះទៅធ្វើការអប់រំណែនាំបញ្ឈប់ចិញ្ចឹមត្រីឆ្តោរហើយមកចិញ្ចឹមត្រីអណ្តែងនិងប្រភេទត្រីផ្សេងៗទៀតដែលច្បាប់មិនហាមឃាត់។
គួរបញ្ជាក់ផងដែរថាព្រៃលិចទឹករាប់សិបហិកតានៅភូមិតាច្រនៀងរងការឈូសបំផ្លាញយ៉ាងរង្គាលរួចរាល់អស់ហើយដែរ ដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចពាក់ពន្ធ័។ចំណែកការចិញ្ចឹមត្រីឆ្តោរក៍មានការកើនឡើងពី១ឆ្នាំទៅ១ឆ្នាំកាន់តែទ្វេរដង៕
ឈូសឆាយព្រៃលិចទឹករាប់សិបហិកតាវាតទីយកដីជីកស្រះចិញ្ចឹមត្រីឆ្តោរនៅឃុំកំពង់ឃ្លាំងគ្មានអ្នកបង្ក្រាប
...