ខេត្តបន្ទាយមានជ័យ៖ បុរសចំណាស់ម្នាក់ស្រវឹងស្រាខឹងប្រពន្ធមិនឱ្យរួមរ័កទាញកាំបិតផ្គាក់កាប់ទៅលើប្រពន្ធបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ឃាត់ខ្លួន ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់។ការចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពប្រើអំពើហិង្សាទៅលើប្រពន្ធរួចហើយបានរត់គេចខ្លួនមួយរយៈខ្លី ។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ នៅចំណុចភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោផ័ណ ខេត្តបន្ទាយមានជ័យ។ បុរសសង្ស័យមានឈ្មោះសឿង ម៉ៅ អាយុ៥៨ឆ្នាំ ចំណែកស្រ្តីរងគ្រោះជាប្រពន្ធមានឈ្មោះ វ៉ាក់ មូល អាយុ៥៧ឆ្នាំ គ្រួសារនេះរស់នៅភូមិ-ឃុំខាងលើ។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តប្រាប់ឱ្យដឹងថា សមត្ថកិច្ចស្រាវជ្រាវនៃអំពើហិង្សានេះគឺ មុនពេលកើតហេតុបុរសជាប្តីបានផឹកស្រាស្រវឹង ហើយសុំប្រពន្ធរួមរ័ក ក៏ប៉ុន្តែនៅពេលនោះប្រពន្ធថាមិនស្រួលខ្លួនគ្មានកម្លាំងនោះទេ ដោយកើតជម្ងឺប្រចាំកាយ បដិសេដ្ឋមិនអាចរួមរ័កជាមួយប្តីចិត្តខ្លាំងនោះបានឡើយ។នៅពេលនោះប្តីរូបនោះនៅតែជជេស សុំប្រពន្ធរួមរ័ក ប្រពន្ធនៅតែបដិសេដ្ឋ ទើបឈានដល់ការឈ្លោះគ្នា ធ្វើឱ្យបុរសជាប្តីខឹង ហើយស្ទុះទៅទាញកាំបិតផ្គាក់កាប់ទៅលើប្រពន្ធប៉ងសម្លាប់ក៏ប៉ុន្តែបានកាប់ត្រូវចំក្បាលផ្នែកខាងឆ្វេងបណ្តាលឱ្យរងបួសធ្ងន់ធ្ងរ ។ ក្រោយពីបង្កហេតុជនដៃដល់ក៏រត់គេចខ្លួនបាត់ បន្ទាប់មកក្រុមគ្រួសារក៏ដឹកស្រ្តីរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យសង្រ្គោះជីវិតទាន់ពេលវេលា ។
លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបា្រប់ឱ្យដឹងទៀតថា ជនដៃដល់ ក្រោយពីបង្កហេតុរួចហើយ រត់គេចខ្លួនបានមួយរយៈខ្លីកម្លាំងអាវុធហត្ថក៏ចុះទៅស្រាវជ្រាវឈានដល់ការចាប់ឃាត់ខ្លួន ហើយបញ្ជូនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីយកសាកសួរ និងចាត់ចែងតាមនីតិវិធីច្បាប់ ។
ជនសង្ស័យនៅថ្ងៃទី៥ ខែតុលានេះ ត្រូវបានកម្លាំងអាវុធតហត្ថខេត្តកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការយកទៅចាត់ការតាមផ្លូវច្បាប់នោះហើយ ៕
ដោយ៖ សំវិច្ឆិកា