ខេត្តស្វាយរៀង៖ ព្រះគ្រូនាគមុនីសេត្ថា សុខុមោនីសុវណ្ណ មុនីរ៉េត ប្រធានទីប្រឹក្សាសម្ដេចសង្ឃនាយកនន្ទ ង៉ែតបានដឹកនាំពុទ្ធបរិស័ទ្ធដែលរស់នៅរាជធានីភ្នំពេញ រួមទាំងសិល្បករសិល្បការិនីបានរៀបចំពិធីកាន់បិណ្ឌសរុបចំនួន១២វត្តនៅក្នុងទឹកដីខេត្តស្វាយរៀង។

ពិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ ត្រូវថ្ងៃកាន់បិណ្ឌទី៧ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរដោយនាំចង្ហាន់ និងទេយ្យទាន ព្រមទាំងសំភារៈផ្សេងៗ រួមនិងថវិកាទៅប្រគេនព្រះសង្ឃគង់នៅតាមទីវត្ដអារ៉ាមទាំងនោះផងដែរ។
ព្រះគ្រូនាគមុនីសេត្ថា សុខុមោនីសុវណ្ណ មុនីរ៉េត មានសង្ឃដីការថា ពិធីដែលបានប្រារព្ធឡើងនេះ គេហៅថា កាន់ជើងបិណ្ឌដែលព្រះអង្គតែងតែធ្វើជារៀងរាល់ឆ្នាំ រហូតមកដល់ឆ្នាំនេះគម្រប់១៣ឆ្នាំហើយ។ កន្លងមក ព្រះអង្គច្រើនតែធ្វើដំណើរដង្ហែទៅខេត្ដ កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្ដ កណ្ដាល តែក្នុងឆ្នាំនេះព្រះអង្គបានដឹកនាំសិល្បៈករ សិល្បៈការិនី និងអស់លោក លោកឧកញ៉ា លោកស្រីមកដល់ទឹកដីស្រុកកំណើតរបស់ព្រះអង្គ ស្ថិតនៅក្នុងស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង។
ព្រះគ្រូមានសង្ឃដីការ បន្ដថា សកម្មភាពនេះសបញ្ជាក់អោយឃើញថា ក្នុងនាមពុទ្ធសាសនិក ជាពុទ្ធបរិស័ទមានទឹកចិត្ដជ្រះថ្លា សប្បាយរីករាយនៅក្នុងពិធីកាន់ជើងបិណ្ឌនេះ។ ពិធីកាន់ជើងបិណ្ឌជាប្រពៃណីរបស់អ្នកកាន់ពុទ្ធសាសនា ដើម្បីឧទ្ទិសអានិសង្ឃនេះជូនដល់ព្រះមាតាបិតា ដូនតា កុងម៉ា ដែលលោកបានបែកចែកឋានទៅកាន់បរលោកកាលពីយូរក្ដី ថ្មីៗក្ដី។ តាមទំនៀមទំលាប់ប្រពៃណីពីបុរាណ គឺនៅក្នុងថ្ងៃ១រោច ខែភទ្របទ ចាប់ផ្ដើមរៀបចំពិធីកាន់ជើងបិណ្ឌ (ដាក់បិណ្ឌ) តាមទីអារ៉ាមគ្រប់ៗទីកន្លែង ដើម្បីឧទ្ទិសអានិសង្ឃដល់សាច់ញាតិ។
នាឱកាសនេះដែរ ព្រះគ្រូនាគមុនីសេត្ថា សុខុមោនីសុវណ្ណ មុនីរ៉េត សូមបួងសួងសេចក្ដីសុខ សេចក្ដីចំរើននេះជូនដល់ ញាតិញោមពុទ្ធបរិស័ទ្ធទាំងអស់ ដែលមានសទ្ធាជ្រះថ្លាអោយមានសេចក្ដីសុខ និងរួចផុតពីទុក្ខលំបាក កម្មពៀរវេរាទាំងឡាយ សូមផ្សព្វផ្សាយកុសល្យផលបុណ្យអោយប្រជាជនកម្ពុជាទាំងអស់ បានជួបសំណាងល្អគាប់ប្រសើរទូទាំងប្រទេស ៕



ដោយ៖ វឌ្ឍនា










