ភ្នំពេញ ៖ តារាកំប្លែង ម៉ា ដូណា នៅតែកើតទុក្ខមិនសុខចិត្តនិងទាមទារកយុត្តិធម៌សម្រាប់ក្រុមគ្រួសារ រឿងជម្លោះព្រំដីជាប់គ្នារហូតកើតមានអំពើហិង្សាចំពោះបងស្រី។ លោកបានព្យាយាមចេញដំណើរទៅស្ទើរគ្រប់ខេត្តដែលគេជឿថាមានជំនឿបារមីផ្លូវងងឹតដ៏ស័ក្កិសិទ្ធិដើម្បីជួយវែកមុខរកខុសត្រូវ ព្រោះតាមផ្លូវច្បាប់លោក និងក្រុមគ្រួសារនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។
កន្លងទៅនេះគ្រួសារ ម៉ា ដូណា និងអ្នកជិតខាងបានកើតមានជម្លោះ ចេញពីការធ្វើរបងផ្ទះនៅម្តុំចោមចៅដែលគ្រួសារលោកម៉ាដូណាអះអាងថាធ្វើចូលមកក្នុងដីរបស់លោក(ប្រវែង១តឹក) និងធ្វើទាំងពុំមានច្បាប់អនុញ្ញាតពីអាជ្ញាធរពោលគឺពុំមានការដឹងឮពីមន្រ្តីសូរិយោដីទើបក្រុមគ្រួសាររបស់លោកបានទៅឃាត់ឃាំងមិនឲ្យបន្តធ្វើរហូតមានជម្លោះឡើង។ ជម្លោះនេះធ្វើឲ្យបងស្រីរបស់លោកម៉ាដូណាមានរបួសទៀតនោះត្រូវបានក្រុមគ្រួសារភាគីជម្លោះដាក់ពាក្យបណ្ដឹងប្ដឹងលើក្រុមគ្រួសាររបស់លោកថាជាអ្នកបង្កជម្លោះបន្ថែមទៀតដោយទាមទារជំងឺចិត្តរហូតដល់ទៅ៨ម៉ឺនដុល្លារអាមេរិក ។
ម៉ា ដូណា បញ្ជាក់ថា ជម្លោះនេះនៅមិនទាន់មានដំណោះស្រាយផ្នែកផ្លូវច្បាប់ណាមួយនៅឡើយ ខណៈដែលលោកអះអាងថា ភាគីម្ខាងទៀតអាងអំណាច អាងទឹកប្រាក់។ ដោយអន្ទះសាររងចាំយុត្តិធម៌តាមផ្លូវច្បាប់ លោកបានធ្វើដំណើរទៅកាន់ទីសក្ការៈបន់ស្រន់ស័ក្កិសិទ្ធិជាច្រើនកន្លែង ក្នុងគោលបំណងឲ្យបារមីនៃទីសក្ការៈជួយស្វែងរកយុត្តិធម៌ជូនក្រុមគ្រួសារលោក។ លោកបន្តថាទីសក្ការៈទាំងនោះមានដូចជា បារមីលោកយាយម៉ៅខេត្តកំពង់ស្ពឺ បារមីលោក យាយយ៉ាត ខេត្តប៉ៃលិន លោកតាដំបងក្រញូងខេត្តបាត់ដំបង បារមីព្រះអង្គចេកព្រះអង្គចម ខេត្ត សៀមរាប អ្នកតាឃ្លាំងមឿង ខេត្តពោធិ៍សាត់ លោកយាយពេញ ព្រះអង្គដងកើ ផងដែរ។
តារាសម្តែងរូបនេះបន្តថា ទោះផ្លូវឆ្ងាយ ក្តីក៏លោកចង់បានកម្លាំងចិត្តផ្លូវងងឹត ចង់បានយុត្តិធម៌មួយសម្រាប់គ្រួសារដែរ ហើយលោកពិតជាឈឺចិត្តខ្លាំងនៅពេលដែលក្រុមគ្រួសារលោក ត្រូវបានគេរំលោភបំពានហើយ រងបណ្តឹងគេថែមទៀត ប៉ុន្តែយ៉ាងណាលោក និងក្រុមគ្រួសារនៅតែបន្តរងចាំយុត្តិធម៌ ពីអ្នកច្បាប់ផងដែរ៕ វឌ្ឍនា