ព្រូដិនសលកម្ពុជា សម្រេចបានការចេញ១០ម៉ឺន បណ្ណសន្យារ៉ាប់រង

ចែករំលែក៖

ភ្នំពេញ៖ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ឈាន​មុខ​គេ​មួយនៅកម្ពុជាបានប្រកាសថ្មីៗនេះថា ខ្លួន សម្រេចបានគោលដៅការលក់​ដ៏គួរស្ញប់​ស្ញែង​មួយនៅ​កម្ពុជា គឺក្រុមហ៊ុនសម្រេចការចេញបាន​ 10ម៉ឺន បណ្ណសន្យារ៉ាប់រងរួចហើយ បើគិតចាប់តាំងពីចាប់ផ្តើម​ប្រតិបត្តិការ​​ក្នុងឆ្នាំ 2013 មក។

ជម្រើសនៃផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ត្រូវបានទទួលការចាប់​អារម្មណ៍ខ្ពស់​ពី​សំណាក់​ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ចាប់តាំងពីអតិថិជនដែលទើប​ចាប់ផ្តើមរៀបចំផែនការ​ហិរញ្ញវត្ថុ​សម្រាប់​ការអប់រំរបស់បុត្រធីតា រហូតដល់អតិថិជនមានវ័យចំណាស់ ដែលស្វែង​រកការការពារហិរញ្ញវត្ថុ​សម្រាប់​ពេលវេលាចូលនិវត្តន៍ជាដើម ។

លោក David Nutmanអគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា “ជោគជ័យរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្នុងការសម្រេចបាននូវគោលដៅដ៏គួរស្ញប់ស្ញែងនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងយ៉ាង​ខ្លាំងក្លារបស់បុគ្គលជាច្រើននាក់ ជាពិសេសបុគ្គលិកនិងទីប្រឹក្សាហិរញ្ញវត្ថុរបស់យើង។ យើងក៏មានភាពជា​ដៃគូ​រឹងមាំ និង​ជោគជ័យជាមួយធនាគារ អេស៊ីលីដា ដែលមានសាខានៅទូទាំងប្រទេស និងសេវាកម្មប្រកប​ដោយ​គុណភាព ដែលបានជួយជំរុញកំណើនការលក់បណ្ណសន្យារ៉ាប់រងរបស់​យើងគួរកត់សម្គាល់។ បន្ថែមពីនេះ យើងខ្ញុំក៏សូមថ្លែងអំណរគុណជាពិសេសដល់អតិថិជនរបស់យើងគ្រប់រូប ដែលបាន​ផ្តល់​ការទុកចិត្តលើក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដើម្បីការពារអនាគតហិរញ្ញវត្ថុរបស់ពួកគាត់ ។”

តាមរយៈការផ្តល់ជូនផលិតផលធានារ៉ាប់រងអាយុជីវិត ដែលបំពេញតាមតម្រូវការក្នុងការសន្សំប្រាក់ និងការពារ​ហិរញ្ញវត្ថុ​របស់ប្រជាជនកម្ពុជា បូកផ្សំជាមួយនឹងយុទ្ធនាការអប់រំឥតស្រាកស្រាន ដើម្បីលើកកម្ពស់ការយល់ដឹង​អំពីសេវាធានារ៉ាប់រងអាយុជីវិត​នៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននិងកំពុងដើរ​តួនាទីសំខាន់​ក្នុងការ​ជំរុញកំណើនក្នុងវិស័យ​ធានារ៉ាប់រងអាយុជីវិតក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល ។

លោក David Nutmanបានបន្ថែមទៀតថា “បន្ថែមពីការផ្តល់ជូនដល់អតិថិជនកម្ពុជា នូវការការពារ និងការធានា​អនាគតហិរញ្ញវត្ថុរបស់ក្រុមគ្រួសារពួកគាត់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏មានកិត្តិយសដោយបានដើរតួនាទី​យ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យធានារ៉ាប់រងអាយុជីវិត និងវិស័យហិរញ្ញវត្ថុនៅកម្ពុជាក៏ដូចជាបានចូលរួម​ចំណែក​​លើកកម្ពស់ការយល់ដឹងរបស់សាធារណៈជន អំពីភាពចាំបាច់ក្នុងការរៀបចំផែនការហិរញ្ញវត្ថុរយៈពេល​វែង។”ក្រៅពីភាពជោគជ័យផ្នែកអាជីវកម្ម ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏បានចូលរួម​ចំណែកក្នុងកិច្ចផ្តួចផ្តើម​អភិវឌ្ឍន៍​ប្រកប​ដោយនិរន្តភាពជាច្រើននៅក្នុងប្រទេសកម្ពុជា តាមរយៈ មូលនិធិព្រូដិនស៍ ដែលជា​មូលនិធិ​សប្បុរសធម៌​នៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា ។

ការអប់រំជាពិសេសការអប់រំផ្នែកហិរញ្ញវត្ថុគឺជាគុណតម្លៃស្នូលរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ហើយកម្មវិធីអប់រំមូលដ្ឋានគ្រឹះហិរញ្ញវត្ថុកុមារ ហៅថា “ឆា-ឈីង” កម្មវិធីលើកកម្ពស់ការអប់រំ និងអភិវឌ្ឍ​កុមារតូច “អំណាន​ដំបូង” និងគំនិតផ្តួចផ្តើមនៃគម្រោង “សាលារៀនមានសុវត្ថិភាព” ដែលក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននិងកំពុង​អនុវត្តដោយជោគជ័យបានជះឥទ្ធិពលវិជ្ជមាន​ដល់​ជីវិតរបស់កុមារ និងយុវវ័យជាច្រើនពាន់នាក់នៅកម្ពុជា ។

បន្ថែមពីនេះ កម្មវិធីថ្នាក់តំបន់ ហៅថា កម្មវិធីវិធានការសុវត្ថិភាព​ចរាចរណ៍ផ្លូវគោករបស់​ មូលនិធិព្រូដិនស៍ ដែល​មាន​តារាសម្តែងល្បីឈ្មោះលោកស្រី Michelle Yeohជាអគ្គរាជទូតសុឆន្ទៈនៃកម្មវិធី​វិធានការសុវត្ថិភាព​ស្តីពី​ចរាចរណ៍ផ្លូវគោកបាន​ផ្សព្វផ្សាយសារដ៏មានសារសំខាន់អំពីសុវត្ថិភាព និងសុខុមាលភាពផ្ទាល់ខ្លួន ទៅដល់​ប្រជាជនកម្ពុជារាប់ម៉ឺននាក់​ ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print