ភ្នំពេញ៖ បុរសម្នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ១៦និង៣០នាទី ល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ នៅចំណុចក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមពាក្យបណ្តឹងពីជនរងគ្រោះ ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ហ៊ល សុខុន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបណ្តោះអាសន្នក្នុងការដ្ឋានសំណង់ ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិទ្រា ឃុំកញ្ចុំ ស្រុកពារាំង ខេត្តព្រៃវែង។ ចំណែកស្ត្រីរងគ្រោះនៅក្នុងករណីនេះ ឈ្មោះ ឌឿក បឿន អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ កើតហេតុខាងលើ មានស្រុកកំណើតនៅភូមិភូមិវាល ឃុំគ្រោះ ស្រុករមាសហែក ខេត្តស្វាយរៀង ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១៩ និង០០នាទី ល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ ជនរងគ្រោះ និងជនសង្ស័យ រួមជាមួយមនុស្សពីរបីនាក់ទៀត (ជាកម្មករសំណង់ធ្វើការជាមួយគ្នា) ក្រោយពីបញ្ចប់ការងារបាននាំគ្នាទិញស្រាថ្នាំផឹកជុំគ្នា រហូតដល់វេលាម៉ោង ២៣ យប់ ទើបបញ្ចប់ការផឹក ហើយក្រោយបញ្ចប់ពីការផឹកស្រានោះ ជនរងគ្រោះបានដើរត្រឡប់ទៅដេកនៅកន្លែងស្នាក់នៅរបស់គាត់យ៉ាងលង់លក់ នៅក្នុងការដ្ឋានសំណង់ លុះដល់វេលាម៉ោង ២៣ និង៣០នាទី ជនសង្ស័យបានដើរមកឃើញ ក៏ធ្វើសកម្មភាពរំលោភសេពសន្ទវៈ ដោយសន្យាឲ្យលុយជនរងគ្រោះចំនួន ១០ម៉ឺនរៀល ហើយដោយសារការភ័យខ្លាចផងនោះ ជនរងគ្រោះមិនហ៊ានស្រែក បណ្តោយឲ្យជនសង្ស័យធ្វើសកម្មភាពរំលោភបានសម្រេចចំនួន២ដង ទើបជនសង្ស័យដើរចេញទៅក្រៅបាត់ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោប្រាប់បន្តឲ្យដឹងថា រហូតដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង១២ ថ្ងៃត្រង់ ជនរងគ្រោះបានយករឿងរ៉ាវនេះនិយាយប្រាប់ប្តីឲ្យដឹង ទើបនាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ហ៊ល សុខុន នៅចំណុចក្នុងការដ្ឋានខាងលើនេះ នាវេលាម៉ោង ១៦និង៣០នាទី ថ្ងៃខែដដែល ហើយបន្ទាប់ពីសាកសួរជំហ៊ានដំបូងនៅទីស្នាក់ប៉ុស្តិ៍ព្រៃស បានបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការតាមនីតិវិធីច្បាប់ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោប្រាប់បន្តឲ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយសារភាពថា មុនពេលកើតហេតុ គឺរូបគេ និងជនរងគ្រោះព្រមទាំងអ្នកធ្វើការងារជាមួយគ្នាពីរបីនាក់ទៀត ក្រោយពីចប់ការងារបាននាំគ្នាទិញស្រាថ្នាំផឹក ដោយក្លែមជាមួយស៊ុប លុះផឹកស្រាថ្នាំអស់ចំនួន ៥លីត្រ ក៏ស្រវឹង និងរកកន្លែងដេករៀងៗខ្លួន ។ ដោយឡែករូបគេតែម្នាក់គត់ ត្រូវបានស្ត្រីរងគ្រោះហៅឲ្យជួយយាមកំដរ ពីព្រោះប្តីរបស់នាងទៅលែងស្រុកកំណើត ។ ខណៈកំពុងតែយាមនោះ ស្រាប់តែស្ត្រីរងគ្រោះបានអូសដៃរូបគេឲ្យចូលក្នុងបន្ទប់ រហូតមានការរួមរក្សគ្នា ហើយដំណឹងនេះបានលិចឮដល់ប្តីស្រ្តីរងគ្រោះ ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនរូបគេតែម្តង ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ហ៊ល សុខុន សមត្ថកិច្ចកំពុងឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាត់ទោសតាមច្បាប់ ៕
...
ដោយ៖ ភារ៉ា ដង្កោ