ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា អនុរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីសន្យាបន្ដជួយផ្នែកហិរញ្ញវត្ថុ ដល់សហគមន៏ខ្មែរឥស្លាម នៅកម្ពុជាឲ្យទទួល បានការរស់នៅប្រកបដោយសុខដុមរនីយកម្ម ក្នុងសង្គម ពិសេសជួយជំរុញឲ្យអ្នកវិនិយោគទុនម៉ាឡេស៊ីឲ្យបានច្រើនមកធ្វើការបណ្ដាក់ទុករកស៊ីនៅកម្ពុជា នេះជាការសន្យារបស់លោកស្រី Puan Fenny Nuli អនុរដ្ឋមន្ត្រី ក្រសួងការបរទេសម៉ាឡេស៊ី ក្នុងខណៈដែលលោកស្រីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក អូស្មាន ហាស្សាន់ ប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះ បណ្តាលវិជ្ជាជីវៈ នៅវិមានសន្តិភាព ។
កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៥ ដោយបានរួមដំណើរជាមួយ គណៈប្រតិភូមកពីក្រសួងទេសចរណ៍ និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ នៃប្រទេសម៉ាឡេស៊ី និង តំណាងស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ផងដែរ ។
លោកស្រី Puan Fenny Nuli អនុរដ្ឋមន្ត្រី ក្រសួងការបរទេសម៉ាឡេស៊ី បានបញ្ជាក់ថា៖ តាមរយៈការ ធ្វើទំនាក់ទំនង លើកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីកម្ពុជា,ម៉ាឡេស៊ី ឲ្យកាន់តែល្អថែមទៀតនោះ តាមដំណើរទស្សនកិច្ចនេះ លោកស្រីនិងជំរុញដល់អ្នកវិនិយោគទុនម៉ាឡេស៊ី ឲ្យមកបណ្ដាក់ទុនរកស៊ីនៅ កម្ពុជាឲ្យបានកាន់តែច្រើឡើងថែមទៀត ជាពិសេសទៀតនោះម៉ាឡេស៊ី និងនូវតែបន្ដផ្ដល់ជំនួយ ដល់សហគមន៏ខ្មែរឥស្លាមនៅកម្ពុជា ដើម្បីឲ្យបងប្អូនទាំងនោះមានជីវភាពធូរធារ រស់នៅរបស់នៅសម្របខ្លួន ជាមួយសង្គម ប្រកបដោយសុខដុមរនីយកម្ម ។
លោកស្រីបន្ដថា៖ ដំណើរទស្សនកិច្ចរបស់គណៈ ប្រតិភូម៉ាឡេស៊ីនេះ គឺមានគោលបំណង ដើម្បីរឹតចំណងទំនាក់ទំនងទ្វេរភាគី រវាងកម្ពុជា និងម៉ាឡេស៊ី ឲ្យបានកាន់តែខ្លាំងឡើង ជាពិសេស គឺការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ ។ ក្នុងឱកាសនេះដែរ គណៈប្រតិភូក្រសួងកាងារ ដែលរួមដំណើរ ក៏មានគម្រោង បន្ថែមវគ្គសិក្សាបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋកម្ពុជា តាមរយៈការបញ្ជូន និស្សិត ជំនាញទៅ សិក្សានៅប្រទេសម៉ាឡេស៊ី និង ការបញ្ជូនគ្រូបច្ចេកទេស ជំនាញមកធ្វើការ បណ្តុះបណ្តាលនៅកម្ពុជា។ តាមការរាយការណ៍របស់មន្ត្រីជំនាញក្រសួង ការងារម៉ាឡេស៊ី បានអោយដឹងថា ចាប់តាំងពីឆ្នាំ១៩៩១ រហូយមកដល់បច្ចុប្បន្ន ក្រសួងការងារម៉ាឡេស៊ីបាន ធ្វើការបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋកម្ពុជាចំនួន១៤៤៣នាក់ ក្នុងនោះមានដូចជាជំនាញ វិស័យអេឡិចត្រូនិច អគ្គីសនី វិស្វកម្ម និង ជំនាញសំខាន់ៗជាច្រើនទៀត។
មន្ត្រីក្រសួងទេសចរណ៍ម៉ាឡេស៊ី បានឲ្យដឹងផងដែរថា៖ ខាងក្រសួងបានចាប់អារម្មណ៍ជាខ្លាំលើការវិនិយោគវិស័យទសចរណ៍ឥស្លាមនៅកម្ពុជា ព្រោះបានឃើញពីតំបន់ទាក់ទាញទេសចរណ៍ធម្មជាតិច្រើនដែលកម្ពុជាមានស្រាប់ ដែលជាចំណុចមួយ ឈានដល់បង្កើនឳកាសបញ្ចូលវិស័យទេសចរណ៍ឥស្លាមឲ្យដើរទន្ទឹមគ្នាផងដែរ។ មន្ត្រីរូបនេះបានអោយដឹងផងដែរថា ទេសចរណ៍ឥស្លាមក៏ជាវិស័យមួយសំខាន់ ដែលបណ្តា ប្រទេស នានា កំពុងចាប់អារម្មណ៍ឈរលើកំណើននៃភ្ញៀវទេសចរណ៍មុស្លិមពិភពលោក មានការកើន ឡើងគួរ អោយចាប់អារម្មណ៍។ វាក៏ជាចំណុចសំខាន់មួយដែល ក្រសួងទេសចរណ៍ ក៏ដូចជា ក្រុមហ៊ុន ទេសចរណ៍នានា គួរមាន និងយល់ច្បាស់ពីបច្ចេកទេសនៃការដំណើរការទេសចរណ៍ លក្ខណៈឥស្លាម អោយកាន់តែទូលំទូលាយ ។ ក្រៅពីនេះខាងក្រសូងទេសចរណ៍ម៉ាឡេស៊ី និងមាន គម្រោង បណ្តុះបណ្តាលជំនាញទេសចរណ៍ឥស្លាម ដល់សហគ្រិន និង អ្នកវិនិយោគទេសចរណ៍ នៅកម្ពុជា ជាពិសេស ទៅលើបច្ចេកទេសការផ្គត់ផ្គងវត្ថុធាតុដើម និង ការផ្តល់សេវាកម្ម ទាំងឡាយណា ដែលមានលក្ខណៈសមស្របទៅនឹងបែបបទស្លាម ដើម្បីផ្តល់ ភាពទាក់ទាញ ក៏ដូចជាទំនុក ចិត្តដល់ភ្ញៀវទេសចរណ៍ មុស្លិមឲ្យ កាន់តែមានការកើនឡើង នៅព្រះរាជាណាចក្រ កម្ពុជា។
លោកអូស្មាន ហាស្សាន់ បានថ្លែងអំណរគុណ ដល់គណៈប្រតិភូម៉ាឡេស៊ី ចំពោះការលើក ឡើងចំណុចចំគោលដៅ ដែលរាជរដ្ឋាភិបាលកម្ពុជា ចង់បាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅចង់បានជាយូរណាស់មកហើយ ព្រោះថាប្រទេសកម្ពុជា ត្រូវការជំនួយពីរបរទេស មិនអាចកាត់ផ្ដាច់ជំនួយពីរបរទេសបានទេ ។ លោកបន្ដថា៖ ការផ្ដល់ជំនួយរបស់ប្រទេសម៉ាឡេស៊ី មកឲ្យសហគមន៏ខ្មែរឥស្លាមកន្លងមកគឺ ចំគោលដៅ ជាក់ស្ដែង ដូចជា ជួយ ទទួលសិស្សនិស្សិត ទៅធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ខាងគ្រឿសំណង់ , បច្ចេកវិទ្យា ,ពេទ្យ កសិកម្ម, ឧស្សាហកម្ម និងទេសចរណ៏ជាដើម ។
ទាក់ទងទៅនឹងការរៀបចំតំបន់ទេសចរណ៍នៅសហគមន៏ឥស្លាម នៅកម្ពុជា នោះ លោកអូស្មាន ហាស្សាន់ បានលើកឡើងថា៖នេះជាចំណុចសំខាន់មួយ ដែលក្នុងនាមជាថ្នាក់ដឹកនាំឥស្លាមមួយរូបនិងមានគម្រោងរៀបចំអភិវឌ្ឍន៍នៅ តំបន់មួយចំនួនឲ្យក្លាយជាមជ្ឈមណ្ឌលទេសចរណ៍បែបឥស្លាម ក្នុងនោះអាចនឹងមានការអភិរក្ស ទៅលើទំនៀមទំលាប់ប្រពៃណីខ្មែរឥស្លាមក៏ដូចជាការផ្តល់កញ្ចប់សេវាកម្មទេសចរណ៍ជាលំនាំឥស្លាមផង៕
ដោយ៖ សំរិត