ភ្នំពេញ៖ កាលពីព្រឹក ថ្ងៃអង្គារ៍ ទី៦ ខែតុលា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត្យប៊ុន រ៉ានីហ៊ុន សែន ព្រមជាមួយក្រុមគ្រួសារ និងមន្ត្រីរាជរដ្ឋាភិបាលមួយចំនួនផង បាននាំយកទេយ្យទាន រួមទាំងចង្ហាន់មករាប់បាត្រប្រគេនព្រះសង្ឃនៅក្នុងពិធីកាន់បិណ្ឌវេនទី៩ នៅវត្តមុនីសុវណ្ណ ហៅចំពុះក្អែក ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំព្រះករុណាខ្ញុំមានមោទនៈភាពខ្លាំងណាស់ ដែលបានឃើញព្រះអធិការព្រះសង្ឃព្រមទាំងឧបាសក ឧបាសិកាយកចិត្តទុកដាក់រួមគ្នាខិតខំកសាងថែរក្សាវត្តអារាមបានស្អាតល្អ ក្នុងការទ្រទ្រង់ និង បណ្តុះបណ្តាលធម៍វិន័យផ្នែកព្រះពុទ្ឋសាសនាដល់កូនចៅខ្មែរ។
ទន្ទឹមនឹងនោះ គឺវត្តអារាមក៏មានតួនាទីដ៏សំខាន់ផងដែរក្នុងការចូលរួមថែរក្សាសន្តិភាពនិងចូលរួមអភិវឌ្ឍន៍សហគមនៅជុំវិញអោយកាន់តែរីកចម្រើនទៅមុខ ។ ខ្ញុំព្រះករុណាខ្ញុំ សូមឧទ្ទិសកុសលផលបុណ្យថ្ងៃនេះ ប្រគេនព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនដល់បងប្អូនជនរួមជាតិទូទាំងប្រទេសនូវពុទ្ឋពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ» ៕