ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងស្នាក់ការសន្ដិសុខ B05 (បឹងទន្លេសាប) ព័ទ្ធចាប់ចោរលួចកាណូត រួមទាំងវត្ថុតាងបានម្នាក់ រីឯ២នាក់ទៀតរត់គេចខ្លួន កាលពីព្រឹកថ្ងៃទី ៤ ខែ ខែតុលា ឆ្នាំ២០១៥ នៅភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកវរៈសេនីយ៍ត្រី ប៊ូវ ថុល ដឹកនាំកម្លាំងចុះប្រតិបត្ដិការខាងលើនេះ បានឱ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ហា យ៉ាំងឡើយ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ ។
លោកវរៈសេនីយ៍ត្រីបន្ដថា ក្នុងប្រតិបត្តិការនេះដែរ កម្លាំងហូតវត្ថុតាងបានរួមមាន កាណូតស្មាច់ ចំនួន ០៣គ្រឿង ម៉ាស៊ីនកម្លាំង ១៨សេះចំនួន ០៣គ្រឿង ជើងម៉ាស៊ីន (ដែក) ចំនួន៥គ្រឿង និងស្លាបចាក់ចំនួន ០២គ្រឿង លោកវរៈសេនីយ៍ត្រីបន្ដទៀតថា វត្ថុតាងរក្សាទុកនៅស្នាក់ការសន្ដិសុខ B05 ចំណែកជនសង្ស័យបានបំពេញសំណុំបែបបទបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបន្ដតាមនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន