ខេត្តក្រចេះ៖ ពលរដ្ឋដែលតាំងលំនៅដ្ឋានតាមមាត់ទន្លេមេគង្គ ក្នុងក្រុងក្រចេះ និង ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ បារម្មពីការបាក់ដីច្រាំងទន្លេ ហើយរៀលដាល់ចូលដីលំនៅដ្ឋានពួកគាត់។
ការបារម្មនេះបន្ទាប់ពីសកម្មភាពបូមខ្សាច់,គ្រួសពីបាទទន្លេមេគង្គឡើងមកលើគោក គឺកំពុងកើតមានយ៉ាងអនាធិបតេយ្យ និងមិនបានកំណត់ទីតាំងឱ្យបានច្បាស់លាស់ ចំណែកអាជ្ញាធរធ្លាប់បានអះអាងថា អ្នកដែលធ្វើអាជីវកម្មបូមខ្សាច់,គ្រួសទាំងនេះ គឺមានច្បាប់ត្រឹមត្រូវ ។
យ៉ាងណាក៏ដោយ បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋបានឱ្យដឹងថា សព្វថ្ងៃនេះសកម្មភាពបូមខ្សាច់,គ្រួស គឺមានច្រើនកន្លែង ហើយមានទូកធំៗ ធ្វើសកម្មភាពបូមខ្សាច់,គ្រួស ពាស់ពេញទន្លេ ពេលខ្លះពួកគេបានចតទូកបូមនៅកណ្តាលទន្លេ ពេលខ្លះគឺចតទូកបូមនៅក្បែច្រាំងទន្លេតែម្តង ហើយសម្មភាពនេះគឺបានកើតមានជាយូរឆ្នាំមកហើយ។
ជាងនេះទៅទៀត ពលរដ្ឋបានស្នើឱ្យមន្ត្រីជំនាញនៃមន្ទីររ៉ែនិងថាមពល ចុះសិក្សាឱ្យបានច្បាស់លាស់ និងវាស់វែង ចែកទីតាំង ហើយបោះពោងសម្គាល់ ឱ្យដូចតាមបណ្តាលខេត្តផ្សេងៗ ដើម្បីឱ្យពួកគេបូមខ្សាច់,គ្រួស នៅក្នុងផែនទីដែលអាជ្ញាធរបានកំណត់ ដើម្បីជៀសវាង ការបូមខ្សាច់គ្រួសនៅកន្លែងផ្សេង ដែលអាចនាំឱ្យប៉ះពាល់ដល់បរិដ្ថាន ឬ អាចបណ្តាលឱ្យបាក់ដីច្រាំងទន្លេ ។
ដោយឡែកការធ្វើអាជីវកម្មបូមខ្សាច់,គ្រួស នៅតាមបណ្តាលខេត្តដ៏ទៃ ដូចជាខេត្តត្បូងឃ្មុំ,និងខេត្តកំពង់ចាម គឺអាជ្ញាធរខេត្តនោះ ក៏ដូចជាមន្ត្រីជំនាញ បានចុះសិក្សានិងវាស់វែងកំណត់គោលដៅ លើផ្ទៃដី១០០ម៉ែត្របួនជ្រុង ដោយដាក់ពោងចំនួន៤ជ្រុងសម្រាប់សម្គាល់ ដើម្បីឱ្យអ្នកធ្វើអាជីវកម្មបូមខ្សាច់,គ្រួស បូមនៅក្នុងតំបន់ដែលអាជ្ញាធរបានកំណត់។ ក្នុងនោះអាជ្ញាធរក៏បានតម្រូវឱ្យ ម្ចាស់សិប្បកម្ម ប្រើប្រាស់សម្ភារៈមធ្យោបាយ បូម ទៅតាមច្បាប់សម្រាប់សិប្បកម្មខ្នាតតូចឬខ្នាតធំ ដែលចេញមន្ទីរជំនាញខេត្តនិងចេញពីក្រសួង។
ចំណែកការធ្វើអាជីវកម្មខ្សាច់,គ្រួស នៅក្នុងខេត្តក្រចេះ គឺអាជ្ញាធរមិនបានចុះសិក្សានិងកំណត់ទីតាំង វាស់វែងនៅឡើយទេ គឺបានបណ្តោយឲ្យអ្នកធ្វើអាជីវកម្មទាំងនោះ ធ្វើសកម្មភាពបូមពាស់ពេញទន្លេ ដែលជាហេតុនាំឲ្យប៉ះពាល់ដល់បរិដ្ឋាន និងការរៀលដាល់បាក់ដៃច្រាំងទន្លេជាបន្តបន្ទាប់។
ពាក់ព័ន្ធនឹងករណីនេះ នៅរសៀលថ្ងៃទី៦ខែតុលានេះ មិនអាចសុំការពន្យល់ណាមួយ ពីលោក សុខ គីរីរត្ន័ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តក្រចេះបានទេ ដោយទូរស័ព្ទមិនអាចទាក់ទងបាន ។ ចំណែកលោក រត្ន័ តុលា ប្រធានការិយាល័យធន់ធានរ៉ែ នៃមន្ទីររ៉ែនិងថាមពលខេត្ត បានឆ្លើយខ្លីថា លោកកំពុងជាប់ប្រជុំហើយក៏បិទទូរស័ព្ទបាត់ ៕
ដោយ៖ កោះទ្រុង