ខេត្តកំពង់ចាម ៖ បុរសជាកូនប្រសារម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារឪពុកក្មេកយកដំបងពីងពង់វាយទៅលើជ្រុលដៃ ខណៈដែលជនរងគ្រោះ បានចូលទៅជួយឃាត់ ឪក្មេកពេលឈ្លោះ ជាមួយប្រពន្ធរបស់ខ្លួន ដែលត្រូវជាម្តាយក្មេកខ្លួន។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ។
មន្ត្រីនគរបាលមូលដ្ឋាន បានឲដឹងថា ករណីឪក្មេកវាយកូនប្រសាររហូត ដល់បាត់បង់ជីវិត មូលហេតុដោយសារឪក្មេកផឹកស្រវឹងហើយរករឿងវាយប្រពន្ធ ឃើញដូច្នេះកូនប្រសារបានចូលទៅជួយឃាត់ ប៉ន្តែត្រូវឪក្មេកយកប្រនង់ឫស្សីពីងពង់វាយពីក្រោយចំកញ្ចឹងកបណ្តាលឲស្លាប់ទៅ។
មន្រ្តីនគរបាលមូលដ្ឋាន បានបន្តឲ្យដឹងថា ជនបង្កមានឈ្មោះ វ៉ាត វឿន អាយុ៥៥ឆ្នាំ ចំណែកឯប្រពន្ធរបស់ខ្លួន ឈ្មោះ លន់ ផន អាយុ៥៧ឆ្នាំ ដោយឡែកជនរងគ្រោះជាកូនប្រសារមាន ឈ្មោះ ថៃ ស៊ាងហៃ អាយុ៣៣ឆ្នាំ កូនប្រសារជាជនរងគ្រោះ បានស្លាប់ដោយត្រូវឪពុកក្មេកវាយ និងដំបងពីងពង់ ចំកញ្ចឹងកពីក្រោយ រហូតស្លាប់តែម្តង។
ក្រោយកើតហេតុ ជនបង្កត្រូវបានសមត្ថកិច្ច ចុះទៅឃាត់ខ្លួន ដោយឡែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕វណ្ណះ