ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បន្តចុះបង្រ្កាបទីតាំងប្លុកតាមផ្លូវរថភ្លើងក្នុងតំបន់បឹងកក់ ដែលសំបូរទៅដោយជនសង្គមងងឹតធ្វើសកម្មភាពជូញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៦នាក់ក្នុងនោះបុរសភេទទី៣នាក់ កំពុងតែធ្វើសកម្មភាពចែកចាយគ្រឿងញៀននិងដកហូតបានសារធាតុញៀនចំនួន១៥កញ្ចប់ ក្នុងនោះតូច១១កញ្ចប់និងធំ៤កញ្ចប់ ។
ករណីបង្រ្កាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០១៧នេះ នៅចំណុចប្លុកបឹងកក់ (ផ្លូវរថភ្លើង)សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មន្រ្តីកងរាជអាវុធហត្ថខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យ៦នាក់ ក្នុងនោះស្រី២នាក់ និងប្រុសភេទទី៣នាក់ នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំងអស់នោះនិងឈានទៅដល់ការឆែកឆេរផ្ទះជនសង្ស័យគឺ កម្លាំងជំនាញកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវ ដោយដឹងច្បាស់ថា ក្រុមជនសង្ស័យតែងតែ ឈរលក់សារធាតុញៀននៅតាមបណ្ដោយផ្លូវរថភ្លើង លុះដល់ថ្ងៃកើតហេតុ ទើបកម្លាំងកងរាជអាវុធហត្ថ ចុះប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យទាំងអស់នេះជាក់ស្តែងនិងដកហូតគ្រឿងញៀនចំនួន១៥កញ្ចប់ តូច១១កញ្ចប់និងធំចំនួន៤កញ្ចប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យ៦នាក់រួមទាំងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថនាំទៅមូលដ្ឋាន បញ្ជាការដ្ឋានអាវុធហត្ថខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕
ដោយ៖ ស តារា