ភ្នំពេញ៖ នារីម្នាក់បានសម្រេចចិត្តលោតពីលើផ្ទះជួលជាន់ទី២ បណ្តាលឱ្យបែកក្បាលស្លាប់ ដោយផ្តើមចេញពីការឈ្លោះទាស់ទែងពាក្យសម្តីគ្នាជាមួយនឹងសង្សារ ព្រោះតែភ្លើងប្រចណ្ឌពីសំណាក់បុរសជាសង្សារ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង១០នាទីយប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ១៨៦Z ស្ថិតក្នុងភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
សមត្ថកិច្ចបានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ ឃិន រដ្ឋា អាយុ២៥ឆ្នាំ មានស្រុកកំណើតភូមិ ព្រែកបង្កង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានមុនរបរជាបុគ្គលិកក្នុងផែស្ងួតនៃក្រុមហ៊ុនតេងឡាយ ។
បើតាមប្រភពពត៌មានពីបុរសជាម្ចាស់ផ្ទះជួលបានឱ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះបានឈ្លោះទាស់ទែងពាក្យសម្តីគ្នាជាមួយនឹងបុរសជាសង្សារយ៉ាងខ្លាំង បង្កការភ្ញាក់ផ្អើលដល់អ្នកនៅបន្ទប់ជិតខាង ហើយភ្លាមនោះរូបគាត់ក៏បានឡើងទៅជួយឃាត់ផងដែរ ពេលឃើញមានសភាពស្ងប់ស្ងាត់ គាត់ក៏បានចុះមកក្រោយសម្រាកវិញ ។ ចំណែកនារីម្នាក់ដែលត្រូវជាមិត្តភក្ត្រនារីរងគ្រោះបានឱ្យដឹងដែរថា នារីរងគ្រោះនឹងសង្សារឈ្លោះប្រកែកគ្នា ដោយសារតែបុរសជាសង្សារមានការប្រចណ្ឌនឹងមិត្តភក្ត្ររបស់ខ្លួន ពេលត្រឡប់មកបន្ទប់ជួលវិញក៏បានរករឿង រហុតដល់ឈ្លោះប្រកែកគ្នាបែបនេះ ហើយពេលនោះដែរបុរសម្នាក់នោះ ក៏បានវាយនារីរងគ្រោះផងដែរ ដែលនាំឱ្យនាងយំនិងខឹងជាខ្លាំង ចង់លោតពីលើផ្ទះសម្លាប់ខ្លួន ប៉ុន្តែត្រូវបានរូបនាងឃាត់និងលួងលោម ដោយហៅឱ្យឡើងមកដេកនៅជាន់ទី២ជាមួយ ។
ប្រភពបន្តថា ពេលនោះបុរសជាសង្សារឈ្លោះគ្នារួចក៏បានចុះចេញទៅក្រៅបាត់ ឃើញដូច្នេះនារីរងគ្រោះ ក៏បានលោតចុះពីលើជាន់ទី២ដើម្បីសម្លាប់ខ្លួនតែម្តងទៅដើម្បីបង្ហាញពីចិត្តស្មោះ ខណះដែលមិនទាន់ បានចូលទៅក្នុងបន្ទប់គេងផងនោះ បណ្តាលឱ្យរងរបួសធ្ងន់បែកក្បាលហូរឈាម សន្លប់ក្នុងធ្លុកឈាម។ ពេលនោះក៏បង្កកាភ្ញាក់ផ្អើលដល់អ្នកជិតខាង និងម្ចាស់ផ្ទះ ទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន និងគ្រូពេទ្យឱ្យ
មកជួយសង្គ្រោះផងដែរ ប៉ុន្តែជាអកុសលនារីរងគ្រោះហូរឈាមច្រើនពេក ក៏ដាច់ខ្យល់ស្លាប់បាត់ទៅ បើទោះបីជាគ្រូពេទ្យមកជួសង្គ្រោះក៏ដោយ ។
ក្រោយមកសមត្ថកិច្ចក៏បានទំនាក់ទំនងទៅសាច់ញាតិក្រុមគ្រួសារនារីរងគ្រោះ ឱ្យមកទទួលសព យកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕
ដោយ៖ ព្រែកជ័យ