ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ និងជាអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ និងប្រជាពលរដ្ឋសង្កាត់ទាំង១៣ ធ្វើពិធីបង្សុកូល និងរាប់បាត្រ ព្រះសង្ឃចំនួន ២៦អង្គ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក។
ការធ្វើពិធីបង្សុកូល និងរាប់បាត្រក្នុងឱកាសនេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែររាប់លាននាក់ដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម ទាំងនៅក្នុងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯកនេះ ក៏ដូចជានៅទូទាំងប្រទេសទាំងមូល។ ការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋក្នុងរបបប្រល័យពូជសាសន៍នេះ ខ្លះបានស្លាប់បាត់បង់ជីវិតទាំងគ្រួសារ ហើយមួយចំនួនទៀតពុំបានទទួលដំណឹងពីសាច់ញាត្តិខ្លួនថាបានស្លាប់នៅទីណានោះទេ ដូច្នេះថ្ងៃនេះ ក្នុងនាម គណបក្សខណ្ឌ ក៏ដូចជាសាលាខណ្ឌដង្កោទាំងមូល បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ៥០០នាក់ ដើម្បីធ្វើពិធីបង្សុកូល រាប់បាត្រឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខ័នអ្នកដែលបានស្លាប់បាត់បង់ជីវិតទាំងនៅក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នេះ ក៏ដូចជាអ្នកដែលបានស្លាប់នៅទូទាំងប្រទេស ហើយគណបក្សខណ្ឌតែងបានធ្វើពិធីបែបនេះ ជារៀងរាល់ឆ្នាំ គឺនៅមុនពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
នៅក្នុងឱកាសនេះ លោកប្រធានគណបក្សខណ្ឌ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យរាប់បាត្រ បង្សុកូល និងប្រគេនព្រះសង្ឃ ចំនួន ២៦អង្គ មកពីវត្តទាំង២៦ ក្នុងខណ្ឌដង្កោ ដោយក្នុង០១វត្តបច្ច័យកសាង ៥ម៉ឺនរៀល ព្រះសង្ឃក្នុង១អង្គ ០៤ម៉ឺនរៀល ស្លាដកចំនួន ១គូ និងទេយ្យវត្ថុមួយចំនួនទៀត ៕
ដោយ៖ ភារ៉ា ដង្កោ