ខេត្តត្បូងឃ្មុំ៖ បុរសជាអ្នកលក់បុកល្ហុងចល័តតាមភូមិ-ស្រុកម្នាក់ត្រូវបានក្រុមក្មេងទំនើងមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ស្ទាក់កាប់ប្រហារជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ដោយមិនដឹងមូលហេតុ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទី យប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅលើកំណាត់ផ្លូវលំ ក្នុងភូមិឈូកសណ្តល់ ឃុំរកាពប្រាំ ស្រុក-ខេត្តត្បូងឃ្មុំ។
លោកវរសេនីយ៍ត្រី ឡុងសារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ធី ស៊ីរ៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់បុកល្ហុងចល័តតាមម៉ូតូកង់៣ មានទីលំនៅភូមិប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ។
លោកបន្តថា នៅពេលវេលាខាងលើជនរងគ្រោះត្រូវបានក្រុមក្មេងទំនើងមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ ធ្វើរសកម្មភាព ស្ទាក់កាប់ប្រហារជាច្រើនកាំបិតបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងមិនទាន់ត្រូវបានដឹងមូលហេតុ ដែលនាំឲកើតនៅអំពើរហិង្សារនេះនៅឡើយ។
ក្រោយពីត្រូវក្រុមមិនទាន់ស្គាល់អត្តសញ្ញាណលបកាប់ប្រហារជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសហការណ៍ជាមួយកម្លាំងនគរបាលមូលដ្ឋានដើម្បីធ្វើការស្រាវជ្រាវតាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ៕
ដោយ៖ វណ្ណះ