ខេត្តកណ្តាល៖ យុវសិស្ស ២នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅទីតាំងបូម ខ្សាច់ខុសច្បាប់មួយកន្លែងធ្វើអោយក្រុមគ្រួសារ និងអ្នកភូមិរន្ធត់ចិត្តយ៉ាងខ្លាំង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ នៅចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
យុវសិស្សរងគ្រោះមាន ឈ្មោះ លាង សុខហៀង ភេទស្រី អាយុ១៣ឆ្នាំ ជាសិស្ស មានទីលំនៅ ភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ និងម្នាក់ទៀតមានឈ្មោះ ញឹក ស័ក្ខណា ភេទស្រី អាយុ១២ឆ្នាំ ជាសិស្ស មានទីលំនៅភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ យុវតីរងគ្រោះ ទាំង២នាក់ត្រូវបានប្រជាពលរដ្ឋខិតខំជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យដែរ តែមិនអាច សង្គ្រោះបានឡើយ ពេលដឹកមកដល់មន្ទីរពេទ្យកាល់ម៉ែត ក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ធ្វើអោយក្រុមគ្រួសារតក់ ស្លុតយ៉ាងខ្លាំង ម្នាក់ៗនាំគ្នាខឹង សម្បារទៅលើទីតាំង បូម ខ្សាច់អត់ច្បាប់នេះ ដែលធ្វើអោយ កូនអ្នក ភូមិផុងជើងលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ។
លោក វង សែ អធិការរងនគរបាលស្រុក កៀនស្វាយទទួលការងារព្រហ្មទណ្ឌបានអោយដឹងថា មុនពេលគ្រោះថ្នាក់ក្មេង ស្រីរង គ្រោះទាំង២នាក់បានត្រឡប់មកពីរៀនគួរដើសំដៅផ្ទះវិញ មកដល់កន្លែងដែលឈ្មួញ បូមខ្សាច់លប់ដីនៅក្បែផ្លូវជាតិលេខ១ ក្មេងស្រីរងគ្រោះទាំង២នាក់ក៍បានចូលទៅរត់លេងលើដីខ្សាច់ជាមួយក្មេងៗផ្សេងៗទៀតនៅក្នុងភូមិ ។ ពេលកំពុងលេងនោះក្មេងស្រី រងគ្រោះបានរត់ទៅចាប់បាល់នៅមាត់ទឹកលាយទៅដោយដីខ្សាច់ បានបណ្តាលអោយផុង ជើងចូលទៅក្នុងទឹក ។ ភ្លាមៗនោះក្មេងៗដែលរត់លេងជាមួយគ្នាបានឃើញតែអត់មានអ្នកណាចុះទៅជួយនោះទេ មានអ្នកខ្លះរត់មកប្រាប់អ្នកនៅក្នុងភូមិ ។ ក្រោយពីទទួលពត៍មានប្រជាពលរដ្ឋបាននាំគ្នាចុះទៅរាវរកនៅក្នុងទឹកលាយដីខ្សាច់ ក៍ឃើញក្មេងស្រីរងគ្រោះទាំង២នាក់ ហើយនាំគ្នាដឹកតាមរថយន្តមកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ ពេលមកដល់ មន្ទីរពេទ្យ ក្រុមគ្រូពេទ្យប្រាប់ថា ជនរង គ្រោះស្លាប់ទាំង២នាក់ហើយ ពោលគឺស្លាប់តាំងពីនៅកន្លែងកើតហេតុ តែដោយសារក្រុមគ្រួសារមិនអស់ចិត្តនាំគ្នាដឹកតាមរថយន្តមកសង្គ្រោះ នៅតែមិនអាចសង្គ្រោះបាន ។
លោកស្រី ប៊ុត វណ្ណា មេឃុំសំរោងធំបានប្រាប់ថា នៅវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃ៧ ខែតុលា ឆ្នាំ២០១៥ ដូច្នេះថា ទីតាំងបូមខ្សាច់ ចាក់លប់ដីនេះនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់លោកស្រីនោះទេ កន្លងអាជ្ញាធរ ស្រុកបានចុះហាមឃាត់ពីដងរួចមកហើយ តែការចុះមកហាម ឃាត់នោះ មិនអាចបញ្ឈប៉ការលួចបូមខ្សាច់បាននោះទេ និយាយអោយ ខ្លីគឺបូមអត់ច្បាប់ ចំពោះម្ចាស់ទីតាំងក៍ មិនស្គាល់ឈ្មោះដែរ…សូមសួរមក ថ្នាក់ស្រុកទៅ…!។
លោក អ៊ូ ឈាង អភិបាលស្រុកកៀន ស្វាយបានប្រាប់ថា នៅយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ ដូច្នេះថា កន្លែងដែលក្មេងស្រីរងគ្រោះទាំង២នាក់ទៅលេងហើយផុងជើងចូលក្នុងខ្សាច់លាយជាមួយនិងទឹកនៅក្នុងរណ្តៅបណ្តាលអោយលង់ស្លាប់នេះ គឺលួចធ្វើសកម្មភាពបូមខ្សាច់ ខុសច្បាប់ភាគច្រើនបូមនៅពេលយប់ ហើយមានបាំងរបងពីខាងក្រៅជិតមិនអោយអ្នកដំណើរមើលឃើញឡើយ។ កន្លងមកអាជ្ញាធរស្រុកបានចុះទៅហាមឃាត់២ដងហើយដោយសាតែបូមខ្សាច់ចាក់លុបដីអត់ច្បាប់ ពេលចុះទៅហាមឃាត់ ម្តង់ៗមានការអន្តរាគមន៍គ្រប់ពេល យកឈ្មោះអ្នកធំមកប្រើ ។ ចំពោះការចុះទៅហាមឃាត់គ្មានប្រសិទ្ធិភាពនោះទេដូច្នេះហើយទើបអាជ្ញាធរស្រុកបានធ្វើរបាយការណ៍ ជូនទៅមន្ទីររ៉ែ និងថាមពល ហើយមួយផ្នែកទៀតដាក់ចូលទៅសាលាខេត្តកណ្តាលដើម្បីមានវិធានការ ប៉ុន្តែមកដល់ថ្ងៃនេះថ្នាក់ខេត្តអត់មានចំណាត់ការអ្វីទាំងអស៉ ។ និយាយរួមទីតាំងបូមខ្សាច់ចាក់លប់ដីនេះគ្មានច្បាប់អនុញ្ញាតិនោះទេ គឺមានតែច្បាប់ធ្វើអាជីវកម្មរបស់សាឡង់ប៉ុណ្ណោះតែមិនមែនបូមយកខ្សាច់មកចាក់កន្លែងបង្កគ្រោះថ្នាក់ដល់ក្មេងទាំង២នាក់នេះទេ ។
លោកអភិបាលស្រុកបានបន្តថា ចំពោះម្ចាស់ទីតាំងបូមខ្សាច់ខុសច្បាប់នេះមិនស្គាល់អត្តសញ្ញាណនោះទេ លោកនិង ចាត់អោយមន្ត្រីចុះទៅទំនាក់ទំនង ដើម្បួអោយជួយឧបត្ថម្ភដល់ក្មេងស្រីរងគ្រោះទាំង២នាក់ ហើយមិនទាន់ដឹងថា និង ផ្អាកមិនអោយបូមតទៅទៀតឬយ៉ាងណាឡើយ ព្រោះទីតាំងបូមខ្សាច់អត់ច្បាប់នេះ ថ្នាក់ស្រុកបានជូនដំណឹងទៅថ្នាក់ខេត្តអោយទប់ស្កាត់ហើយ តែគ្មានចំណាត់ការ អាជ្ញាធរស្រុកពុំមានលទ្ធភាពទប់ស្កាត់នោះទេ ព្រោះមានការអន្តរាគមន៍ពីថ្នាក់ ដូច្នេះទុកអោយថ្នាក់ខេត្តជាអ្នកសម្រេច ។ ជាមួយគ្នានេះដែរលោកអភិបាលស្រុកបានឧបត្ថម្ភដល់ក្រុមគ្រួសារសព ក្នុង១គ្រួសាៗទទួលបានអង្ករ១០០គីឡូក្រាម និងថវិកា៤០ម៉ឺនរៀល។ ជំនួយឧបត្ថម្ភនេះមិនប្រកាន់និន្នាការនយោបាយឡើយ អោយតែក្រុមគ្រួសារណា ដែលជួបគ្រោះថ្នាក់សង្គមនិងទទួលបានជំនួយឧបត្ថម្ភបន្ទាន់ដើម្បីសម្រាលការលំបាកក្នុងគ្រួសារ ៕
ដោយ៖ សណ្តោស