ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបានបើកបុកគ្នាត្រង់ចំណុចផ្លូវបំបែកបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងរងរបួសស្រាល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង០៥នាទីយប់ ថ្ងៃទី៧ ខែតុលាឆ្នាំ២០១៥ នៅចំណុចស្ថានីយ៍ប្រេង ឥន្ទនះតេលា តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូFTR ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1FA-4485 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកតើតហេតុបានទាញចង្កូតបត់ឆ្វេងទៅជើងតាមបណ្តោយផ្លូវបេតុង ភ្លាមនោះក៏មានយុវជនម្នាក់ទៀតជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AL-6639 ដោយធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកចំពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតបាក់កង់ខាងមុខចំណែកអ្នកបើកបររងរបួសស្រាល ។
ក្រោយពេលកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលដោយភាគីខាងម្ចាស់ម៉ូតូFTRចេញថ្លៃខូចខាតទៅលើភាគីខាងម្ចាស់ម៉ូតូហុងដា ដើម្បីបញ្ចប់រឿងដោយមិនចង់មានរឿងវែងឆ្ងាយ ៕
...
ដោយ៖ សុខា សែនជ័យ