ជាប់ធ្វើអនុរក្សប្រលងទាំងប្តី ទាំងប្រពន្ធ ត្រូវភ្លើងឆេះផ្ទះគ្មានសល់

ចែករំលែក៖

បាត់ដំបង៖លំនៅដ្ឋានមួយខ្នងដែលសង់អំពីឈើ ប្រក់ស័ង្កសី រួមជាមួយនឹងគ្រឿងសង្ហារឹមជាច្រើនផងនោះ ត្រូវបានអគ្គីភ័យលេបត្របាក់គ្មានសល់នៅពេលរំលងអាធ្រាត្រដែលគួរអោយតក់ស្លុតក្រៃលែង ខណៈដែលម្ចាស់ផ្ទះទាំងប្តី ទាំងប្រពន្ធ ជាប់រវល់ចុះបំពេញបេសកកម្ម ធ្វើជាអនុរក្សនៅឯទីរួមខេត្ត ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល២ថ្ងៃ ( បាក់ឌុប ) ។

រឿងដ៏គួរអោយសោកសង្រែងនេះ បានកើតឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៤ទៀបភ្លឺ ត្រង់ចំណុចភូមិទួលបាល្ល័ង្គ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រហូតមានការភ្ញាក់ផ្អើលទាំងសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋពេញភូមិព្រមទាំងមានការអាណិតអាសូរគ្រប់ៗគ្នា ដោយសារតែការឆាបឆេះនេះគឺមិនមានម្ចាស់នៅទីនោះឡើយ។

តាមការអះអាងពីលោក ឆាង វ៉ាន់ឆៃ អធិការនគរបាល ស្រុកគាស់ក្រឡ បានបញ្ជាក់ថាផ្ទះមួយខ្នងដែលត្រូវភ្លើងឆេះគ្មានសល់នេះគឺសាងសង់ឡើងអំពីឈើ ដំបូលស័ង្កសី និងមានទំហំ ៦គុណ៩ ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ ជុំ សុភក្តិ អាយុ ៣២ឆ្នាំ និងប្រពន្ធឈ្មោះ ឌិន សារឿត អាយុ៣១ឆ្នាំ មានមុខរបរជាគ្រូបង្រៀនដូចគ្នា បើទោះបីជាមានការអន្តរាគមន៍ពីសំណាក់រថយន្តពន្លត់អគ្គីភ័យ របស់អធិការដ្ឋានក៏ដោយ ក៏មិនអាចទប់ស្កាត់បានឡើយ ។

លោកអធិការបានបន្តថា នៅមុនពេលកើតហេតុមួយថ្ងៃ គឺទាំងពីរនាក់ប្តី ប្រពន្ធ បានចាកចេញពីផ្ទះទៅទីរួមខេត្តបាត់ដំបង ដើម្បីធ្វើអនុរក្ស ក្នុងការប្រលងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេល២ថ្ងៃ ស្រាប់តែមានរឿងហេតុកើតឡើងតែម្តង ដោយការសន្និដ្ឋានជំហានដំបូងគឺ អាច បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ។

នៅពេលនេះផងដែរ ម្ចាស់ផ្ទះបាននិយាយថា ការខូចខាតទាំងផ្ទះ និងរបស់របរ គ្រឿងសង្ហារឹមផ្សេងៗ នៅ ក្នុងផ្ទះដែលត្រូវឆាបឆេះទាំងស្រុងនោះ បើគិតជាទឹកប្រាក់អស់ប្រហែលជាងមួយមុឺនដុល្លារ៕

សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print