ភ្នំពេញ៖ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅសាលាប្រជុំរដ្ឋបាលរាជធានីភ្នំពេញ មានបើកកិច្ចប្រជុំមួយក្រោមអធិបតីលោក នួន ផារ័ត្ន អភិបាលរងរាជធានី ដើម្បីត្រួតពិនិត្យ និងវាយតម្លៃការបន្តកិច្ចសន្យាវិនិយោគ ទីតាំងចំណតរថយន្តឈ្នួល ផ្សារច្បារអំពៅ របស់លោក ហ៊ុន វ៉ាន់ធី ដែលទទួលម៉ៅចំណតរាប់សិបឆ្នាំមក ដែលមហាជនបានមើលឃើញថា ទីតាំងរថយន្តឈ្នួលច្បារអំពៅនេះ បានក្លាយជាកន្លែងលក់ត្រី ពោរពេញដោយទឹកភក់ជ្រាំ ក្លិនស្អុយឆ្អេះឆ្អាបគ្មានអនាម័យល្អ ។
ក្នុងកិច្ចប្រជុំនោះដែរលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានសំណូមពរដល់ថៅកែចំណតធ្វើការកែលម្អ ដោយរៀបចំចាក់បេតុងឡើងវិញឲ្យមានបរិស្ថាន អនាម័យល្អ មានកន្លែងអង្គុយរង់ចាំមានបន្ទប់ទឹកស្អាត ប្រព័ន្ធលូ ប្រកបដោយផាសុកភាព ។
ក្នុងនោះដែរលោកអភិបាលខណ្ឌ គ្រោងកោះអញ្ជើញភាគីពាក់ព័ន្ធមួយចំនួន រួមមាន៖ អ្នកម៉ៅការចំណត និងម្ចាស់រថយន្តឈ្នួលទាំងអស់ ដើម្បីពិភាក្សាឲ្យរថយន្តចូលចតក្នុងបេន និងអំពីតម្លៃឈ្នួលឡើងវិញ។ ជាមួយគ្នានេះលោក ហ៊ុន វ៉ាន់ធី ថៅកែចំណតរថយន្តច្បារអំពៅ ដែលទទួលបានបន្តកិច្ចសន្យាម៉ៅការបេនច្បារអំពៅនោះ បានសន្យានៅចំពោះមុខអង្គប្រជុំថា នឹងធ្វើតាមសំណូមពររបស់គណៈកម្មការទាំង៩ចំណុច។
ក្រោយពីបញ្ចប់កិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ លោក នួន ផារ័ត្ន អភិបាលរងរាជធានី អមដំណើរដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញចុះពិនិត្យបេនឡានមុខផ្សារច្បារអំពៅ ដើម្បីសិក្សាគម្រោងរៀបចំចំណតរថយន្តតាក់ស៊ី ឲ្យមានសណ្ដាប់ធ្នាប់ល្អឡើងវិញនិងកុំឲ្យមានការកកស្ទះចរាចរណ៍ និងបានចូលផ្សារច្បារអំពៅ សំណេះសំណាលជាមួយអាជីវករលក់ដូរជាច្រើនផងដែរផងដែរ៕
ប្រាថ្នា