រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson កាលពីថ្ងៃទី២៣ ខែសីហាបានចោទប្រកាន់រុស្ស៊ីថាបានផ្តល់អាវុធឲ្យក្រុមភេរវកម្មតាលីបង់នៅអាហ្វហ្គានីស្ថានដើម្បី ប្រឆាំងអាមេរិក។ មន្ត្រីការបរទេសអាមេរិក បញ្ជាក់ទៀតថា សកម្មភាពរបស់ទីក្រុង មូស្គូ បានបំពានច្បាប់អន្តរជាតិ។
លោក Rex Tillerson បានប្រកាសដូចខាងលើក្រោយពេលដែលរដ្ឋាភិបាលរបស់ ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពីយុទ្ធសាស្ត្រសម្រាប់អាហ្វហ្គានីស្ថានក្នុងការទប់ទល់ជាមួយក្រុមភេរវកម្មតាលីបង់ និងអាល់កៃដា។
ភ្លាមៗនោះរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានច្រានចោលការចោទប្រកាន់ខាងលើ ដោយបញ្ជាក់ថា ការចោទប្រកាន់បែបនេះ មិនមានមូលដ្ឋានភស្តុតាងច្បាស់លាស់នោះទេ។ សារព័ត៌មានរុស្ស៊ី Itar Tass បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេស រុស្ស៊ីលោក Sergei Ryabkov មកបញ្ជាក់ថា ទីក្រុងមូស្គូកំពុងតែត្រៀមលក្ខណៈវាយ បកទៅលើច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក មកលើរុស្ស៊ី។ អាមេរិកក៏បានដាក់ទណ្ឌ កម្មបន្ថែមទៅលើបុគ្គល៤រូប ព្រមទាំង ក្រុមហ៊ុនរបស់រុស្ស៊ីកាលពីថ្ងៃទី២២ ខែ សីហា។
លើសពីនេះទៅទៀតអ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ី បានទំនាក់ទំនងជាមួយក្រុមតាលីបង់ដើម្បី ធានាសុវត្ថិភាពដល់ពលរដ្ឋរុស្សុីក្នុងប្រទេស អាហ្វហ្គានីស្ថានតែប៉ុណ្ណោះ។ ជាមួយគ្នានោះរុស្ស៊ីក៏បានស្នើឲ្យក្រុមតាលីបង់ចូល រួមពិភាក្សា ស្តីពីការផ្សះផ្សាជាតិសាសន៍នៅក្នុងប្រទេសនេះដើម្បីបញ្ចប់សង្គ្រាម។
ហេតុការណ៍ខាងលើកើតឡើងក្រោយ ពេលដែល លោក ដូណាល់ ត្រាំ បានប្រកាស មិនដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាននោះទេ។ ប្រធានាធិបតីអាមេរិកថែមទាំងសន្យាបន្ថែមចំនួនទាហានអាមេរិក ក្នុង ទឹកដីអាហ្វហ្គានីស្ថានទៀតផង។ ទន្ទឹមនេះដែរ លោកដូណាល់ ត្រាំ បាន ដាក់សម្ពាធប៉ាគីស្ថាន ឲ្យសហការជាមួយ អាមេរិក ក្នុងការដោះស្រាយបញ្ហាអាហ្វហ្គានីស្ថាន។ ប៉ាគីស្ថានរងការចោទប្រកាន់ ថា ជាទីជម្រករបស់ក្រុមភេរវជន។ ក្រោយ លោក ត្រាំ ប្រកាសមិនដកទ័ពអាមេរិក ចេញពីអាហ្វហ្គានីស្ថាន ក្រុមតាលីបង់បានបញ្ចេញប្រតិកម្មភ្លាមៗវិញថា នឹងធ្វើឲ្យ អាហ្វហ្គានីស្ថានក្លាយជាផ្នូរកប់ខ្មោចសតវត្សរ៍ទី២១សម្រាប់អាណាចក្រអាមេរិក៕ ម៉ែវ សាធី