ខេត្តកណ្តាលៈ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកណ្តាល បានដឹកនាំសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ចុះបង្រ្កាបទីតាំងកត់ឆ្នោតវៀតណាម ដែលជ្រកក្រោមស្លាក ឆ្នោតខ្មែរមានអាជ្ញាប័ណ្ណត្រឹមត្រូវ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ,ឃុំស្វាយរលំ និងឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពពីមន្ត្រីនគរបាលខេត្តកណ្តាលបានឲ្យដឹងថា មុននឹងឈានដល់បង្រ្កាបទីតាំងកត់កន្ទុយលេខខាងលើនេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកណ្តាល បានទទួលពាក្យបណ្តឹងពីតំណាងក្រុមហ៊ុនឆ្នោតខ្មែរដែលមានអាជ្ញាប័ណ្ណថា នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងភូមិសាស្ត្រឃុំស្វាយរលំ-ឃុំសិត្បូ ស្រុកស្អាង មានមេកន្ទុយលេខជាច្រើននាក់ បានយកយីហោឆ្នោតរបស់ខ្លួនទៅបិទមុខ ដើម្បីកត់ឆ្នោតវៀតណាម ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងលោកឧត្តមសេនីយ៍ត្រី រឿង ណារ៉ា ស្នងការរង បានសុំបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងសុំការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិត និងកម្រិតស្រាល ចុះសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ធ្វើការស្រាវជ្រាវ និងបង្រ្កាបទីតាំងកត់ឆ្នោតក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងភូមិសាស្ត្រឃុំស្វាយរលំ-ឃុំសិត្បូ ស្រុកស្អាង ។
ជាលទ្ធផល សមត្ថកិច្ចធ្វើការបង្រ្កាបបាន៨ទីតាំង ក្នុងនោះនៅភូមិសាស្ត្រក្រុងតាខ្មៅ០៣ទីតាំង និងភូមិសាស្ត្រឃុំស្វាយរលំ-ឃុំសិត្បូ ស្រុកស្អាង០៥ទីតាំង ឃាត់ខ្លួនមនុស្សដែលពាក់ព័ន្ធជាច្រើននាក់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ