ប្រពព័ត៌មានរ៉យទ័រ បានផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ថា លោកស្រីយីងឡាក់ អតីតនាយករដ្ឋមន្ត្រីថៃ ដែលភៀសខ្លួនចេញពីប្រទេសថៃនោះ នៅពេលនេះ បាននិងកំពុងស្ថិតនៅក្នុងទីក្រុងឌុយប៉ៃ ប្រទេសអារ៉ាប់ ប្រកបដោយសុវត្ថិភាព។
កាសែតរ៉យទ័របានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់គណបក្សភឿថៃ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកស្រីយីងឡាក់ បានចេញពីប្រទេសថៃ ចូលទៅកាន់សិង្ហបុរី រួចបន្តដំណើរទៅកាន់ទីក្រុងឌុយបៃប្រកបដោយសុវត្ថិភាព។ ទីក្រុងឌុយបៃនោះ ជាទីកន្លែងដែលបងប្រុសរបស់លោកស្រី គឺលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃដែលបាននិងកំពុងស្នាក់នៅនិរទ្ទេសខ្លួន ដោយខ្លួនឯង គេចវេះពីការជាប់ពន្ធនាគារតាំងពីឆ្នាំ២០០៨ ក្រោមបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយផងដែរ។
អនុប្រធានប៉ូលីសជាតិថៃ លោកឧត្តមសេនីយ៍ Srivara Rangsibrahmanakul បានថ្លែងប្រាប់រ៉យទ័រថា ប៉ូលិសគ្មានកំណត់ត្រាណាមួយថា លោកស្រីយីងឡាក់ អាយុ៥០ឆ្នាំ ចាកចេញពីប្រទេសថៃនេះទេ ហើយប៉ូលិសកំពុងតាមដានបញ្ហានេះយ៉ាងយកចិត្តទុកដាក់បំផុត។
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោកស្រីយីងឡាក់ មិនបានបង្ហាញខ្លួននៅតុលាការកំពូលតាមការកំណត់នោះទេ ដើម្បីធ្វើសវនាការពាក់ព័ន្ធបណ្តឹងចោទប្រកាន់នៅក្នុងបញ្ហាគោលនយោបាយទិញស្រូវអង្ករពីប្រជាកសិករថៃរបស់អតីតរដ្ឋាភិ បាល ក្រោមការដឹកនាំរបស់លោកស្រីយីងឡាក់ ហើយដែលត្រូវគេចោទប្រកាន់ថា បានធ្វើឲ្យរដ្ឋខាតបង់ទឹកប្រាល់រាប់លាន បាតនោះ៕