ប្រកាសសមាសភាពថ្នាក់ដឹកនាំថ្មីសមាគមអតីតយុទ្ធជនខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១០ខែតុលានេះ លោក នាយឧត្តមសេនីយ៌ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោក ជៀង អំ គណៈអភិបាលខេត្តស្វាយរៀង និង លោកនាយឧត្តមសេនីយ៌ សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំថ្មីសមាគមអតីតយុទ្ធជនខេត្តស្វាយរៀង និង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះដល់សពសមាជិកអតីតយុទ្ធជនចំនួន៧១នាក់។
តាមសេចក្តីសម្រេច លោក ឧត្តមសេនីយ៏ត្រី ប៉ែន សារ៉ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកស្វាយរៀង ត្រូវបានប្រកាសតែងតាំងជាប្រធានសមាគមអតីតយុទ្ធជនខេត្តស្វាយរៀង និងអមដោយអនុប្រធាន សមាជិកគណៈកម្មាធិការមួយចំនួនទៀតដើម្បីបន្តដឹកនាំអណត្តិថ្មី។
ពិធីប្រកាសសមាសភាពនេះ ត្រូវគេឃើញថាបានធ្វើជាបន្តបន្ទាប់នៅតាមរាជធានី ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីអង្គមហាសន្និបាតសមាគមអតីតយុទ្ធជន កាលពីថ្ងៃទី២កញ្ញា២០១៥ បានដាក់ចេញទិសដៅភារកិច្ចថ្មី ក្នុងនោះថវិកាដែលសម្តេចតេជោហ៊ុនសែន បានប្រកាសផ្តល់ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជន ចំនួន១.៥២៣នាក់ ដែលនៅជំពាក់ មកដល់ពេលនេះបានប្រគល់ជិតចប់សព្វគ្រប់ហើយ ធ្វើយ៉ាងណាឲ្យបានមុន រដូវបុណ្យភ្ជំបិណ្ឌ។
មានប្រសាសន៏នាឱកាសនោះ លោក នាយឧត្តមសេនីយ៌ គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន និវត្តជន ព្រមទាំងថ្លែងការកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តី​រាជការសមាគមអតីតយុទ្ធជនចាស់ ដែលបានខិតខំបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវ និង ទទួលបានស្នាដៃគួរជាទីមោទនៈ។លោកនាយឧត្តមសេនីយ៏ គន់ គីម បានជម្រុញ​ឲ្យសមាសភាពថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនថ្មី ត្រូវបន្ត​ខិតខំ​បំពេញការងារឲ្យល្អប្រសើរថែមទៀត ជាពិសេសត្រូវមានកិច្ចសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ​រ នានា ដើម្បីបម្រើផលប្រយោជន៏អតីតយុទ្ធជន និវត្តជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិនាពេលកន្លងមក។នាឱកាសនោះ បន្ទាប់ពីបញ្ចប់មតិសំណេះសំណាលលោកនាយឧត្តមសេនីយ៌ សៅ សុខា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកា ដើម្បីផ្តល់ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនចំនួន៧១នាក់ ដោយក្នុងម្នាក់បានថវិកា៤លានរៀល ឧបត្ថម្ភដល់សមាជិកចូលរួមក្នុងអង្គពិធី មាន៖យោធិនពិការ គ្រួសារមរណៈ យោធិនចូលនិវត្តន៏ សរុប៨០០នាក់ ម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល និងបានឧបត្ថម្ភថវិកាចំនួន២០០លានរៀល ទៀតសម្រាប់តម្កល់ទុកប្រើប្រាស់នៅសមាគមអតីតយុទ្ធជនខេត្តស្វាយរៀង៕ 

    
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print