ប្រហែសពេកហើយ!! បើកបរមិនប្រកាន់ស្តាំ បាត់បង់ជីវិតមួយប៉ព្រិចភ្នែក

ចែករំលែក៖

ខេត្តកំពង់ចាម ៖ គ្រោះថ្នាក់ចរាចរមួយបានកើតឡើងយ៉ាងរន្ធត់ រវាងអ្នកបើកម៉ូតូនិងរថយន្ត និងបណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មមួយប៉ព្រិចភ្នែក ។ ករណីនេះត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរអះអាងថា មូលហេតុ មកពីអ្នកបើកម៉ូតូមិនប្រកាន់ស្តាំបណ្តាលឲ្យទៅបុករថយន្តកំពុងបើកច្រាសាទិសគ្នា ។ទោះជាយ៉ាងណាអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ។

ករណីនេះ កើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

លោកវរសេនីយ ប្រាក់ សុគន្ធ អធិការស្រុកជើងព្រៃបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ រឿន ធារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិ/ឃុំល្វាស្រុកព្រៃឈរ ខេត្តកំពង់ចាម។

មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះ ជិះម៉ូតូតែម្នាក់ឯង បញ្ច្រាសទិសគ្នាជាមួយ នឹងរថយន្តមួយគ្រឿង ម៉ាកឡង់គ្រីស័រ (Landcruiser) ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2Q-3583 បើកយ៉ាងលឿន។ លុះពេលជនរងគ្រោះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បុកគ្នាពេញទំហឹង ដួលបោកទៅលើថ្នល់ បណ្ដាលឲ្យជនរងគ្រោះ ស្លាប់យ៉ាងអណោចអធ័ម មួយរំពេច។ រីឯម៉ូតូខូចខាតស្ទើរទាំងស្រុក និងរថយន្តបង្កខូចខាត ផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងទាក់ទងទៅសាច់ញាតិ ឲ្យមកដឹកសាកសពរបស់ជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះ ត្រូវសមត្ថកិច្ចវាស់វែង រួចហើយយកទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាលស្រុក ដើម្បីស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្តបង្ក នាំដោះស្រាយគ្នាតាមច្បាប់ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print