ខេត្តពោធិ៍សាត់៖ ក្មេងប្រុស អាយុ ១០ឆ្នាំម្នាក់ក្នុងចំណោម ៣នាក់ គេឃើញហែលទឹកលែងនៅស្ទឹងពោធិ៍សាត់ ស្រាប់តែលង់ស្លាប់ម្នាក់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្តកិច្ចផងដែរ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៤ និង៥០នាទី ល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចទឹកស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិបង្គោល ឃុំ-ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ក្នុងរបាយការណ៍សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ៖ ក្មេងប្រុសរងគ្រោះឈ្មោះ លន វីរ៉ា អាយុ ១០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ។
ក្នុងរបាយការណ៍សមត្ថកិច្ចនគរបាលខាងលើបន្តថា មុនកើតហេតុគេឃើញក្មេងៗចំនួន ៣នាក់នាំគ្នាហែលទឹកលែងត្រង់ចំណុចកើតហេតុ ប៉ុន្តែចាស់ៗពុំបានចាប់អារម្មណ៍នោះឡើយ ទាល់តែក្មែងៗ ២នាក់ដែលហែលទឹកលែងជាមួយស្រែកឆោឡោថាបាត់អារ៉ាហើយៗ ទើបចាស់ៗនាំគ្នាឆោឡោមុជទឹករាវរកច្រើនម៉ោងបានប្រទះឃើញស្លាប់បាត់ទៅហើយ។
ក្នុងរបាយការណ៍ដដែលនោះបន្តទៀតថា ក្រោយកើតហេតុអាជ្ញាធរមានសមត្ថកិច្ចទទួលបានព័ត៌មាននេះ ក៍បាននាំគ្នាចុះដល់កន្លែងហេតុដើម្បីធ្វើការពិនិត្យ លទ្ធផល៖ ឃើញថាក្មេងរងគ្រោះពុំមានស្លាកស្នាមអ្វីគួឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះឡើយ ទើបយើងធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕