ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋដែលចូលទៅស្វែងរកកាប់ឈើគ្រញូង ក្នុងទឹកដីថៃបានធ្វើការចោទប្រកាន់មន្ត្រីយោធាវរៈការពារព្រំដែនគោលលេខ ៤០៥ បានយកលុយពីពួកគាត់ក្នុងម្នាក់ៗ ៤ម៉ឺនរៀលរួចហើយ ស្រាប់តែមានមួយក្រុមទៀតបែរជាចាប់យកឈើពួកគាត់ប្រគល់ឱ្យទៅមេព្រៃទៅវិញ។
ពលរដ្ឋដែលរកស៊ីឈើកាប់ឈើគ្រញូង ក្នុងទឹកដីប្រទេសថៃ បាននិយាយថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមកនេះ ពួកគាត់មានគ្នា២៧នាក់ បានស្ពាយឈើចំនួន២៧សំពាយ ប៉ុន្តែបន្ទាប់ពីក្រុមទាហានវរៈព្រំដែន ៤០៥ ប្រដាប់ដោយកាំភ្លើងច្រូងច្រាងចាប់យកឈើពួកគាត់ប្រគល់ទៅឱ្យមេព្រៃ ប៉ុន្តែអ្វីដែលពួកគាត់មិនសុខចិត្តនោះគឺបាត់ឈើគ្រញូងដែលល្អៗចំនួន៣សំពាយ ដែលមានមុខកាត់ធំៗ បើរកមិនឃើញពួកគាត់មិនឱ្យយកឈើគ្រញូងទាំងនេះដាច់ខាត។
ប្រជាពលរដ្ឋអ្នកកាប់ឈើ បានឱ្យដឹងថា ក្រុមទាហ៊ានការពារព្រំដែនគោកវរៈលេខ ៤០៥ ក្នុងម្នាក់ៗតម្រូវឱ្យបង់លុយ ៤៥០០០រៀល ទៅឱ្យឈ្មោះ ញាំង ជាទាហ៊ានវរះការពារព្រំដែន ៤០៥ ដាក់ប៉ុស្តិដេកចាំយកលុយពីពលរដ្ឋរាប់ឆ្នាំកន្លងមកហើយ។ ប្រភពបន្តថា អ្នកឡើងកាប់ឈើទាំងអស់ត្រូវបង់លុយទៅឱ្យទាហ៊ានវរៈ៤០៥ ដែលប្រចាំការនៅលើភ្នំ ប៉ុន្តែេពេលចុះពីលើភ្នំក៏មានទាហ៊ាន ៤០៥ ចាប់ពួកគាត់ទាំង២៧នាក់តែម្តង។
ពលកររងគ្រោះជាច្រើននាក់ រស់នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត បានរិះគន់លោក ប៉ូច សុខ ជា មានតួនាទីជាដឺបេអគ្គបញ្ជាការ កងទ័ពជើងគោក និងលោក រាម ខេត មេបញ្ជាការ វរះការ ពារព្រំដែនលេខ ៤០៥ ដែលឈរជើងការពារនៅតំបន់នោះថា ជាមេខ្លោងក្នុងការបញ្ជូនពលរដ្ឋខ្មែរ ឲ្យទៅកាប់ឈើគ្រញូងពីក្នុងទឹកដីថៃ ដើម្បីយកមកលក់ឲ្យបក្ខពួករបស់ខ្លួន មានដូចជាឈ្មោះ តុល និងឈ្មោះ ថា ដែលជាមេឈ្មួញប្រចាំតំបន់នេះ និងល្បីខាងធ្វើបាបពលករដែលបាន ផ្សងនឹងគ្រោះ ថ្នាក់ចូលទៅកាប់លើគ្រូញូងក្នុងទឹកដីថៃ។
សូមបញ្ជាក់ថា៖ ឈើក្រញូងដែលក្រុមទាហានវរៈប្រគល់ទៅឱ្យជំនាញរដ្ឋបាលព្រៃឈើផ្នែករបស់ស្រុកជាំក្សាន្តឃើញមានតែ ៤០៥ រាប់ឃើញចំនួន១៤៥ ដុំស្មើរនឹង ១៣១៧គីឡូក្រាម ចាត់ការតាមច្បាប់។ ចំណែកអ្នកកាប់ឈើក្រញូងនេះគឺមកពីស្រុកផ្សេងៗគ្នា។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើ នៅរសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ មិនអាចទំនាក់ទំនង លោក ប៉ូច សុខ ជា មានតួនាទីជាដឺបេអគ្គបញ្ជាការ កងទ័ពជើងគោក និងលោក រាម ខេត មេបញ្ជាការ វរះការពារព្រំ ដែនលេខ ៤០៥ បានទេព្រោះគ្មានលេខទូរស័ព្ទដើម្បីភ្ជាប់៕
ដោយ ប៉ែន នួន