ភ្នំពេញ៖ យ៉ាងហោចណាស់មានភាពយន្តខ្នាតធំល្បីៗរបស់កូរ៉េចំនួន៤រឿងត្រូវបានដាក់បញ្ចាំងឲ្យមហាជនចូលរួមទស្សនាដោយមិនគិតថ្លៃសម្រាប់ថ្ងៃសៅរ៍អាទិត្យសប្តាហ៍នេះ។ ការដាក់បញ្ចាំងនេះធ្វើឡើងក្រោយពេលដែលស្ថានទូតសាធារណៈរដ្ឋកូរ៉េប្រចាំនៅកម្ពុជាបានរៀបចំពិធីប្រកាសបើកមហោស្រពភាពយន្តកូរ៉េលើកទី១១កាលពីរាត្រីថ្ងៃទី៨ខែកញ្ញានេះនៅសាលសន្និសីតចតុមុខ ក្រោមវត្តមានភ្ញៀវជាតិអន្តរជាតិជាច្រើន។
ភាពយន្តកូរ៉េទាំង៤នោះមានរឿង”រថភ្លើងទៅប៊ូសាន”ដែលធ្លាប់ធ្វើឲ្យកក្រើករោងភាពយន្តនៅកម្ពុជានិងបណ្តាប្រទេសនានាជុំវិញពិភពលោក ភាពយន្តបែបវាយប្រហានិងកំប្លែង រឿង”អាថ៌កំបាំងបំផុត” ភាពយន្តបែបឧក្រិតកម្មនិងកំប្លែងរឿង”ព្រះរាជអាជ្ញាឃោរឃៅ” និងរឿងកំប្លែង”ឡាក់ឃី”។
ភាពយន្តទាំងនេះត្រូវយកទៅចាក់បញ្ចាំងឲ្យទស្សនាដោយមិនគិតថ្លៃរយៈពេលពីរថ្ងៃគឺថ្ងៃទី០៩ និងថ្ងៃទី១០ខែកញ្ញានេះនៅរោងភាពយន្តMajor Cineplex ផ្សារទំនើបAeon Mall និងរោងភាពយន្ត Prime Cineplex នាផ្សារទំនើបសុវណ្ណា។
ភាពយន្តដែលត្រូវបានយកមកចាក់បញ្ជាំងនៅក្នុងពិធីប្រកាសបើកមហោស្រពភាពយន្តកូរ៉េលើកទី១១នេះគឺរឿង “រថភ្លើងទៅប៊ូសាន”ដែលជាភាពយន្តបែបវាយប្រហារ ភ័យរន្ធត់ និងជាភាពយន្តដ៏មានប្រជាប្រិយភាពដោយនៅប្រទេសកូរ៉េមានអ្នកចូលទស្សនាប្រមាណជាង១០លាននាក់ ហើយវាក៏ជាភាពយន្តដ៏ពេញនិយមនៅកម្ពុជាកាលពីឆ្នាំមុនផងដែរ៕
ដោយ៖វឌ្ឍនា