ខេត្តរតនគិរី ៖ គ្រោះថ្នាក់ចរាចរណ៍បើករថយន្តជ្រុលចង្កូតទៅបុកបង្គោលគីឡូម៉ែត្រ បង្កឡើង ដោយខ្លួនឯងបានបណ្តាលឲ្យប្រពន្ធ និងកូនរងរបួសធ្ងន់ ចំណែកអ្នកបើក (ប្តី)បានរងរបួស ស្រាល ។
សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅតាម បណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី កាលពីវេលាម៉ោង៧នឹង៤០នាទី ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកាមរីឆ្លាម១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2J-2658 ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ។ លុះធ្វើដំណើរ មកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច រថយន្តបានរេចង្កូតទៅបុកបង្គោលបង្ហាញ ចម្ងាយផ្លូវ (គីឡូម៉ែត្រលេខ៥៦៤ប៉ើង១០ម៉ែត្រ)យ៉ាងពេញមួយទំហឹងក្រឡាប់ បណ្តាលឲ្យ មនុស្សនៅក្នុងរថយន្ត៣នាក់ មានប្រពន្ធនិងកូនរងរបួសធ្ងន់ និងអ្នកបើក(ប្តី)របួសស្រាល ហើយត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះបឋម និងដឹកបន្តមកកាន់មន្ទីរពេទ្យបង្អែកខេត្ត។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកពិនិត្យ និងនាំយករថយន្តបង្កមកកាន់ការិយាល័យ នគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្ត ដោយតម្រូវឲ្យម្ចាស់ចូលខ្លួន មកដោះស្រាយ ដើម្បីជួសជុលបង្គោលគីឡូម៉ែត្រ ៕ ជាយក្រុង