ហ្វីលីពីន​ប្រកាសកាត់ផ្តាច់ទំនាក់ទំនង ពាណិជ្ជកម្មជាមួយកូរ៉េខាងជើង

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន​ បានបញ្ជាក់ថា៖ ប្រទេសរបស់លោកបានកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច ជាមួយកូរ៉េខាងជើង ដើម្បីជាការគោរព ដល់​សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ។

រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក​ Alan Peter Cayetano ​បានឲ្យដឹងថា​៖ ប្រទេសរបស់លោកបានផ្អាកសកម្មភាពទំនាក់ទំនង ពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ​ការផ្អាកខាងលើធ្វើឡើងតាមសេចក្តីសម្រេចរបស់ អង្គការសហប្រជាជាតិ​ ដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ដែលបានសាកល្បងកាំជ្រួចមីស៊ីលនិងបរមាណូ ។
ហ្វីលីពីនគឺជា ដៃគូពាណិជ្ជកម្ម ធំលំដាប់ទី​៥ រស់កូរ៉េខាងជើង​​ ដោយ គិតជាទឹកប្រាក់មាន​រហូតដល់​២៨,៨លានដុល្លារ នៅពាក់កណ្តាលឆ្នាំ​២០១៧នេះ។

ក្នុងពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេស ញ៉ូវហ្សឺឡែន លោក​ Gerry Brownlee ​ក៏បាន ស្នើរឲ្យមានកិច្ចសហប្រតិបត្តិការ​នៅក្នុងតំបន់ ដើម្បីរារាំង នាវា​របស់កូរ៉េខាងជើង ធ្វើសកម្មភាព នៅមហាសមុទ្រប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រីការបរទេសញ៉ុវហ្សឺឡែនបានបញ្ជាក់ថា៖ ភាគីទាំងអស់ត្រូវតែ​មានទំនាក់ទំនង ជិតស្និទដើម្បី​ ទប់ស្កាត់នាវាកូរ៉េខាងជើង ដែលខុសច្បាប់ ឆ្លងកាត់តំបន់សមុទ្រប៉ាស៊ីហ្វិក។ កន្លងមកកូរ៉េខាងជើងតែងតែ ប្រើប្រាស់ នាវាដឹកទំនិញ ដោយបំពាក់ទង់ជាតិប្រទេសផ្សេងដើម្បីបន្លំភ្នែកក្រុមនាវាយាមល្បាតនៅដែនសមុទ្រ។

នៅពេលនេះដែរមានប្រទេសជាច្រើនបានសម្រេចកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចនិងការទូត ជាមួយកូរ៉េខាងជើង​ ក្រោយពេលអាមេរិកសម្រេចស្នើរដល់អង្គការសហប្រជាជាតិដាក់ទណ្ឌកម្មយ៉ាងតឹងតែងទៅលើកូរ៉េខាងជើង។
កាលពីថ្ងៃទី៧ខែកញ្ញា រដ្ឋាភិបាលប្រទេសមិចស៊ីកូ បានស្នើដល់អគ្គរដ្ឋទូតកូរ៉េខាងជើង លោក​ Kim Hyong Gil ​ត្រូវចាកចេញពីប្រទេសនេះក្នុងរយៈពេល ៧២ម៉ោង ។ សកម្មភាពខាងលើគឺដើម្បីជាការប្រឆាំងទៅនឹងសកម្មភាព សាកល្បង បរមាណូរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
ក្រសួងការបរទេសមិចស៊ីកូ បានប្រកាសថា​«អគ្គរដ្ឋទូតកូរ៉េខាងជើង Kim Hyong Gil ​ជា បុគ្គលមិនត្រូវបានស្វាគមន៍ ហើយត្រូវតែចាកចេញពីប្រទេសមិចស៊ីកូក្នុងរយៈពេល​៧២ម៉ោង»។
សកម្មភាពខាងលើ គឺដើម្បីប្រឆាំង ការសាកល្បងគ្រាប់បែកបរមាណូ ដែលជាសញ្ញាបង្កគ្រោះថ្នាក់ដល់ សន្តិភាព និងសន្តិសុខពិភពលោក និងជាការគំរាមកំហែង ដោយផ្ទាល់ដោយសម្ព័​ន្ធមិត្ត របស់មិចស៊ីកូ គឺជប៉ុន និងកូរ៉េខាងត្បូង​។
នៅក្នុងសេចក្តីប្រកាស រដ្ឋាភិបាលមិចស៊ីកូ បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ បញ្ចេញសកម្មភាព​ដើម្បីបញ្ចប់វិបត្តិ នៅកូរ៉េខាងជើង ដោយសន្តិភាព៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print