ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូ ទៅទទួលពានរង្វាន់អាស៊ាន ផ្នែកនិរន្តរភាព «ទឹកស្អាត ឆ្នាំ២០១៧» នៅទីក្រុងដារូសសាឡឹម ប្រទេសព្រុយណេ។
នៅក្នុងនោះដែរ គេក៏ឃើញមានវត្តមាន លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប ដែលក្រុងនៃខេត្តទាំងពីរនេះ ត្រូវបានជ្រើសរើសជាទីក្រុងគម្រូ ហើយនឹងត្រូវទទួលបាននូវពានរង្វាន់អាស៊ាន ផ្នែកនិរន្តរភាពបរិស្ថាន ដែលប្រព្រឹត្តទៅនៅទីក្រុងដារូសសាឡឹម ប្រទេសព្រុយណេ នាវេលាម៉ោង ១៩ និង០០នាទី ដល់ម៉ោង ២១ និង០០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ផ្អែកតាមការវាយតម្លៃក្នុងកិច្ចប្រជុំក្រុមការងារអាស៊ាន ទទួលបន្ទុកនិរន្តរភាពបរិស្ថានទីក្រុង លើកទី១៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលប្រារព្ធឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧កន្លងទៅ បានផ្តោតសំខាន់ទៅលើសូចនាករបីសំខាន់ៗ គឺ”ទឹកស្អាត ដីស្អាត និងខ្យល់ស្អាត” ហើយក្រុមការងារអាស៊ាន បានសម្រេចជ្រើសរើស ទីក្រុងនៃបណ្តាប្រទេសនីមួយៗក្នុងប្រទេសអាស៊ាន ដើម្បីធ្វើការប្រកួតយកពានរង្វាន់។ លោកបន្តថា នៅក្នុងនោះសម្រាប់ប្រទេសកម្ពុជា គឺ”ក្រុងកែប និងក្រុងពោធិ៍សាត់” ត្រូវបានជ្រើសរើសជាទីក្រុងគម្រូ ហើយនឹងត្រូវទទួលបាននូវពានរង្វាន់អាស៊ាន ផ្នែកនិរន្តរភាពបរិស្ថាន។
បើតាមប្រសាសន៍មន្ត្រីជាន់ខ្ពស់ នៃក្រសួងបរិស្ថាន បានបញ្ជាក់ឲ្យដឹងថា ក្នុងកិច្ចប្រជុំកាលពីចុងខែមេសា ឆ្នាំ២០១៧កន្លងទៅ ធ្វើឡើងដើម្បីពិនិត្យមើលនូវវឌ្ឍនភាព នៃសកម្មភាពរបស់ក្រុមការងារ ដែលបានទទួលការគាំទ្រពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន នៃប្រទេសអាស៊ានទាំង១០។ ការពិនិត្យ និងវាយតម្លៃនូវចលនាប្រឡងប្រណាំង ពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុង ដែលត្រូវរៀបចំឡើងរាល់៤ឆ្នាំម្តង និងពិនិត្យនូវលទ្ធភាព ក្នុងការធ្វើសហប្រតិបត្តិការជាមួយបណ្តាអង្គការជាដៃគូ ដែលធ្វើការងារលើការអភិវឌ្ឍទីក្រុង ដោយមាននិរន្តរភាព ផ្នែកបរិស្ថាន។
គួរបញ្ជាក់ថា ក្រោយត្រឡប់មកពីទទួលពានរង្វាន់ផ្នែកនិរន្តរភាព “ទឹកស្អាត ឆ្នាំ២០១៧” នៅទីក្រុងដារូសសាឡឹម នៃប្រទេសព្រុយណេ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ នឹងត្រៀមរៀបចំកម្មវិធីអបអរសាទរទទួលពានរង្វាន់នេះ ដ៏កក្រើកទូទាំងខេត្ត នៅបូរីវប្បធម៌កោះសំពៅមាស នាល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានបាញ់កាំជ្រូច និងរំពឹងថាមានអ្នកចូលរួមជាង១ពាន់នាក់ផងដែរ៕
ដោយ៖ សហការី