ក្វាងស៊ី, ចិន ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះថា មិត្តចិន គឺជាខ្នងបង្អែកដ៏រឹងមាំរបស់កម្ពុជា ហើយបន្តជួយកម្ពុជាគ្រប់កាលៈទេសៈ។ សម្តេចតេជោ ថែមទាំងបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលមានរយៈពេលប្រមាណជា ៦០ឆ្នាំហើយនោះ នឹងគ្មានបរទេសណាមកបំបែកបាននោះឡើយ។
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន គឺបានធ្វើឡើងបន្ទាប់ពីមន្រ្តីជាន់ខ្ពស់របស់ចិនជាច្រើនមានដូចជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីស្តចិន សុទ្ធតែបញ្ជាក់ពីជំហរដ៏ម៉ឹងម៉ាត់ក្នុងការរក្សាចំណងទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយកម្ពុជា។
លោក ចាង កាវលី ឧបនាយករដ្ឋមន្រ្តីចិន និងលោក សុង ថាវ រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីស្ត ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ បានថ្លែងអះអាងថា ចិននឹងបន្តជួយរាល់ទុក្ខលំបាករបស់កម្ពុជាគ្រប់កាលៈទេសៈទាំងអស់ ហើយបន្តរក្សាទំនាក់ទំនង ដោយមិនបរទេសណាមកបំបែកបំបាក់ទំនាក់ទំនងកម្ពុជា-ចិន បានឡើយ។ មន្រ្តីជាន់ខ្ពស់ចិនទាំងនេះ ថែមទាំងសន្យាជួបទប់ស្កាត់ និងការពារមិនឲ្យមាន បដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជានោះឡើយ។
ការបញ្ជាក់ថា ពីទំនាក់ទំនងដ៏ស្និទ្ធស្នាល និងការជួយគ្នាទៅវិញទៅមករវាងកម្ពុជា-ចិននាពេលនេះ បានកើតមានឡើងស្របពេលកម្ពុជា និងអាមេរិកកំពុងមាន ភាពតានតឹងផ្នែកការទូត។ ភាពតានតឹងនេះ កើតមានបន្ទាប់ពីកម្ពុជា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ចោទក្នុងបទល្មើស ក្បត់ជាតិនោះ បានសារភាពថា អាមេរិក គឺជាប្រទេសដែលបានរៀបចំជួយរូបលោកក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា ទំនាក់ទំនងផ្លូវការកម្ពុជា-ចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ពោល ៥ឆ្នាំក្រោយពេលកម្ពុជា ដណ្តើមបានឯករាជ្យ ពីប្រទេសបារាំង។ ទំនាក់ទំនងបានធ្វើឡើងរយៈពេលតែ ៣ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីព្រះបរមរតនកោដ្ឋ ព្រះកុរណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានជួបដោយផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីចិន លោក ចូវ អ៉ីនឡាយ នៅក្នុងទីក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី ក្នុងពេលចូលរួមសន្និសីទមិនចូល បក្សសម្ព័ន្ធនាខែមេសា ឆ្នាំ១៩៥៥។
ចំណងទាក់ទងការទូតរយៈពេលជាងពាក់កណ្តាលសតវត្សរ៍កន្លងមកនេះ មិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា និងចិន ដែលត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ថ្នមថែរក្សាយ៉ាងយកចិត្តទុកដាក់ ដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗរបស់ប្រទេសកម្ពុជា និងចិន ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយឥតឈប់ឈរ។ ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយគ្នាលើគ្រប់វិស័យដូចជា ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌មនុស្សជាតិ ព្រមទាំងកិច្ចការក្នុងតំបន់ និងអន្តរជាតិ ដោយទទួលបានសមិទ្ធផលយ៉ាងច្រើនទៀតផង ៕ ដោយ៖ ស តារា