ថ្ងៃទី១៩.២០ ខែកញ្ញាស្លាប់ និងរបួស ២៣នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖  តាមសេចក្តីរាយការណ៍ព័ត៌មានជុំវិញកន្លែងកើតហេតុក៍ដូចជាមន្រ្តីជំនាញផ្នែកចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា យ៉ាងហោចមានមនុស្សស្រីប្រុសក្មេងចាស់ចំនួន ២៣នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងរងរបួសស្រាលធ្ងន់ជាបន្តបន្ទាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន ០៦លើកផ្សេងគ្នាក្នងឱកាសបុណ្យភ្ជុំបិណ្ឌ នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ។

ប្រភពរាយការណ៍ខាងលើបន្តថា នៅរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ លើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិក្រូចឆ្មា ឃុំលាច ស្រុកភ្នំក្រវាញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយអញាតជនម្នាក់(ស្លាប់)ជិះម៉ូតូ ១គ្រឿង គ្មានស្លាកលេខ លុះមកដល់ចំណុចកើតហេតុ បានជ្រុលបុកម៉ូតូចំនួន ២គ្រឿង ដែលគ្មានស្លាកលេខដូចគ្មា បណ្ដាលឲ្យស្លាប់ខ្លួនឯង និងរបួសស្រាលចំនួន ២នាក់។ លុះនៅរសៀលថ្ងៃទី២០ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញដដែល មានករណីគ្រោះថ្នាក់កើតឡើងម្តងទៀត បង្កឡើងដោយខ្លួនឯងខណៈមានរថយន្ត ១គ្រឿងម៉ាក តាកូម៉ា បើកបរក្នុងល្បឿនលឿនដូចហោះមិនប្រយ័ត្ន លុះមកដល់ចំណុចផ្លូវកោងបានជ្រុលចង្កូតធ្លាក់ចូលស្នាមភ្លោះក្រឡាប់ផ្ញារជើង ហើយគេឃើញមនុស្សចំនួន ៨នាក់បានវាចេញពីក្នុងការប៊ីនរថយន្តជាបន្តបន្ទាប់តែមិនមានរបួសធ្ងន់ធ្ងរទេ។

ប្រភពរាយការណ៍ដដែលខាងលើបន្តទៀតថា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ដែរនោះ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរឯនេះវិញ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍ផងដែរ រវាងម៉ូតូបុកម៉ូតូខណៈបើកបរបញ្រាស់ទិសគ្នា បណ្ដាលឲ្យរបួសចំនួន ៤នាក់ធ្ងន់ម្នាក់។ លុះនៅយប់ថ្ងៃខែដដែល នៅលើកំណាត់ផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំដែរ មានករណីគ្រោះថ្នាក់ចរាចរណ៍ ១លើកទៀត បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាកបានបុកអ្នកជិះម៉ូតូពាក់ស្លាកលេខរដ្ឋ របួសធ្ងន់ចំនួន ២នាក់។ ហើយនៅព្រឹកថ្ងៃទី២០ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិបង្គងឃ្មុំ ឃុំត្នោតជុំដដែលទៀត មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដដែល ដោយរថយន្តម៉ាក កាមរី ពណ៏ស បានបុកអ្នកជិះម៉ូតូឌុបគ្នាចំនួន ៣នាក់ជិះឆ្លងផ្លូវ(ធ្ងន់ម្នាក់)។ ដោយឡែក៖ នៅព្រឹកថ្ងៃទី២០ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងបឹងស្មុគ ឃុំស្វាយស ស្រុកក្រគរដែរនោះ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងទៀត បង្កឡើងរថយន្ត ១គ្រឿងបើកគេចបាត់ បានបុកស្រ្តីជិះម៉ូតូ ១គ្រឿងមានគ្នាចំនួន ៣នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ចំនួន ១ម្នាក់។

ប្រភពរាយការណ៍ដដែលខាងលើបញ្ជាក់បន្ថែមបន្តទៀតថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ទាំងប៉ុន្មានដែលបានកើតឡើង បណ្ដាលឲ្យមានមនុស្សរងរបួសស្រាលធ្ងន់ និងស្លាប់ផងនោះ បានបញ្ជូនទៅសង្រ្គោះភ្លាមៗចំណែកវត្ថុតាង មន្រី្តជំនាញចរាចរណ៍ផ្លូវគោកបានយកទៅរក្សាទុក រងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ជាក្រោយ ៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print