ម្ចាស់គ្រាប់បែកបង្កការភ្ញាក់ផ្អើលនៅមន្ទីរពេទ្យជោរៃ ត្រូវបញ្ជូនមកតុលាការចាត់ការតាមច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា នេះ បញ្ជូនបុរសម្នាក់ដែលជាម្ចាស់គ្រាប់បែកដាក់ក្នុងម៉ូតូ បណ្តាលឱ្យភ្ញាក់ផ្អើលនៅមន្ទីរពេទ្យជោរៃ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។ មន្ត្រីតុលាការ ថ្លែងថា បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ឡូ ប៉ិចដារិទ្ធ អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានមុខរបរជាបុគ្គលិកក្រុមហ៊ុនអូបា។

អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ថ្លែងថា ករណីរកឃើញគ្រាប់បែកនៅមន្ទីរពេទ្យជោរ៉ៃ មិនមែនជាការដាក់បង្កៃឲ្យផ្ទុះ ឬក៏ប៉ុនប៉ងធ្វើឲ្យផ្ទុះនៅក្នុងមន្ទីរពេទ្យនោះទេ ប៉ុន្តែជាករណីកាន់កាប់គ្រឿងផ្ទុះដោយខុសច្បាប់។ នេះបើតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ដែលចេញផ្សាយ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា តាមការស្រាវជ្រាវជំហ៊ានដំបូងមុខសញ្ញាដែលជាម្ចាស់ម៉ូតូ ត្រូវបានបងថ្លៃឲ្យយកគ្រាប់បែក ទៅបន្ទាយនៅខាងលិចកំពង់ស្ពឺ ម្តុំត្រែងត្រយឹង កំពង់សិលា ប៉ុន្តែដោយសារឪពុកឈឺធ្ងន់នៅមន្ទីរពេទ្យជោរ៉ៃ អញ្ចឹងម្ចាស់ម៉ូតូបានដាក់គ្រាប់បែក នៅក្នុងខ្លុបម៉ូតូស្កុបពី ហើយដោយសារប្រញ៉ាប់ចូលទៅមើលឪពុកពេលដែលយកម៉ូតូទៅផ្ញើ ក៏មិនបានដកសោម៉ូតូ អញ្ចឹងហើយសន្តិសុខ ដែលយាមការពារនៅមន្ទីរពេទ្យ បានយកសោម៉ូតូទៅចាក់បើកខ្លុបម៉ូតូ ដើម្បីឆែកមើលក្រែងមានអីវ៉ាន់ ពេលនោះក៏ឃើញមានថង់មួយ រួចក៏យកថង់ហ្នឹងក្នុងចេតនាចង់យករបស់គេ។ បន្ទាប់ពីយកថង់នោះ ចេញឆ្ងាយពីម៉ូតូរួចមកក៏ឆែកទៅឃើញគ្រាប់បែក ក៏ភ័យរួចក៏យកទៅទំលាក់នៅក្បែរម៉ូតូវិញ ហើយក៏ស្រែកប្រកូកប្រកាសថា រកឃើញគ្រាប់បែកគេដាក់នៅក្បែរម៉ូតូ ហើយក៏មានការផ្អើលឆោឡោឡើង បន្ទាប់មកសមត្ថកិច្ច ក៏បានទៅយកគ្រាប់បែកនោះមករក្សាទុក។

សរុបមកវិញករណីនេះ មិនមែនជាករណីដាក់បង្កៃឲ្យផ្ទុះ ឬក៏ប៉ុនប៉ងធ្វើឲ្យផ្ទុះ នៅក្នុងមន្ទីរពេទ្យជោរ៉ៃនោះទេ។ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ទៀតថា ចំពោះករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត ដើម្បីរកឲ្យឃើញពិតប្រាកដថា ប្រភពគ្រាប់បែកហ្នឹងមកពីណា គោលដៅណា ហើយបច្ចុប្បន្នកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់មុខសញ្ញាដែលជាម្ចាស់ម៉ូតូ និងហៅសន្តិសុខ ដើម្បីមកធ្វើការបំភ្លឺ និងស៊ើបអង្កេតបន្តទៀត។

សូមរំលឹកថា នៅវេលាម៉ោងជាង១១យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើលមួយកើតឡើង នៅមន្ទីរពេទ្យជោរ៉ៃ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយសន្តិសុខយាមម៉ូតូ នៅក្នុងមន្ទីរពេទ្យនោះ បានប្រទះឃើញគ្រាប់បែក១គ្រាប់ ពណ៌ខ្មៅរុំស្កុតពីក្រៅនៅក្បែរកង់ម៉ូតូស្កុបពី ពណ៌ក្រហម ពាក់ ស្លាកលេខភ្នំពេញ1BE-7901៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print