ក្រុមមេធាវីចង់ឱ្យលោក កឹម សុខា មានវត្តមានពេលសវនាការ , សាលាឧទ្ធរណ៍កំពុងពិចារណា

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមមេធាវីការពារក្ដីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ចង់ឱ្យសាលាឧទ្ធរណ៍សម្រេចបញ្ជូនលោកកឹម សុខា មកចូលរួមសវនាការនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះ ។ ប៉ុន្តែរហូតមកទល់ពេលនេះ សាលាឧទ្ធរណ៍ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។

ការពិចារណារបស់សាលាឧទ្ធរណ៍ បន្ទាប់ពីខាងអគ្គនាយកពន្ធនាគារ ស្នើឱ្យសាលាឧទ្ធរណ៍ ពិចារណាអំពីសន្តិសុខ សុវត្ថិភាពរបស់ជនត្រូវចោទកឹម សុខា ពេលបញ្ជូនមកចួលរួមសវនាការ ។

អគ្គលេខាធិការរងនិងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ ថ្លែងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ថា សាលាឧទ្ធរណ៍បានទទួលលិខិតរបស់អគ្គនាយកពន្ធនាគារហើយ តែរហូតមកទល់ពេលនេះ សាលាឧទ្ធរណ៍ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។

លោកសំ សុគង់ មេធាវីការពារក្ដីលោកកឹម សុខា ថ្លែងថា ក្រុមមេធាវីចង់ឱ្យសាលាឧទ្ធរណ៍សម្រេចបញ្ជូនលោក កឹម សុខា មកចូលរួមសវនាការ ។ លោកមេធាវីថា “ការព្រួយបារម្ភរបស់ពន្ធនាគារ គឺ មិនត្រឹមត្រូវទេ ការរក្សាការពារសន្តិសុខ សុវត្ថិភាព របស់ជនត្រូវចោទ ជាកាតព្វកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច ហើយជាគោលការណ៍ច្បាប់សវនាការ គួរតែមានវត្តមានជនត្រូវចោទ ” ។

គួរបញ្ជាក់ថា សភាស៊ើបសួរសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះ នឹងបើកសវនាការបណ្តឹងរបស់ក្រុមមេធាវី ដែលប្តឹងប្រឆាំងនឹងដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទបទល្មើស”ក្បត់ជាតិ”។

លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនិងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៧ សម្រេចចេញដីកាឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទល្មើស”ក្បត់ជាតិ”ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ ។

សេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ”សន្ទិដ្ឋិភាពជាមួយបរទេស”តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print