ទស្សនៈល្ងីល្ងើៈ រុះផ្ទះដូនតាដុត ស្ងោរពងទាមួយគ្រាប់ ?

ចែករំលែក៖

​កណ្តុមឆែប កង្កែបឆា! ហេតុតែនាយជាល គ្មានប្រាក់និងពេលវេលាគ្រប់គ្រាន់ក្នុង​ការដើរ​កម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្រ្ត បូកគោ ដូចគេ ពេលនេះទើបដឹងថា រមណីយ​ដ្ឋានមួយនេះត្រូវម្ចាស់អភិវឌ្ឍន៍កែប្រែឈ្មោះជាឯកច្ឆន្ទដោយមិនជូនដំណឹងឲ្យអាជ្ញាធរមូលដ្ឋាន ឬ រាជរដ្ឋាភិបាលដឹង ដោយដូរឈ្មោះពី រមណីយដ្ឋាន ឋានសួគ៌បូកគោ ទៅជា សុខា ឋានសួគ៌ ទៅវិញ ។
​នាយជាលឆ្ងល់ថា ហេតុអ្វីបានជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំបូកគោ ថ្លើមធំហ៊ាន ផ្លាស់ ប្តូរឈ្មោះរមណីយដ្ឋានប្រវត្តិសាស្រ្តមួយនេះ? តើមានគោលបំណងអ្វី? ឬមួយគេចង់កែ ប្រែ​ប្រវត្តិសាស្រ្តឲ្យក្មេងជំនាន់ក្រោយវង្វេង ? ឬក៏ចង់ឲ្យក្លាយទៅជា …
​នាយជាលមិនយល់ ហើយរឹតតែឆ្ងល់ ព្រោះបើតាមនាយជាលដឹងប្រវត្តិសាស្រ្តខ្លះៗ​នោះ គឺឧទ្យាន​ជាតិ​ភ្នំ​បូកគោ ត្រូវបាន​រកឃើញ​ដោយ​ជនជាតិ​បារាំង​មួយ​ឈ្មោះថា រូ​លួស ហើយ​ត្រូវបាន​រៀប​ចំឡើង​នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​១៩២២ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​។
កាលនោះ​អតីតព្រះមហាក្សត្រ​ខ្មែរក្នុង​រជ្ជកាល​ព្រះបាទស៊ីសុវត្ថិ មុនី​វង្សព្រះអង្គ តែង​យាង​ទៅ​លំហែ​ព្រះកាយ​នៅ​ទីនោះ ហើយ​​រហូត​ព្រះអង្គព្រះ​ឈួននិង​សោយ​ទិវង្គត នៅ​ព្រះរាជតំណាក់​លើ​ភ្នំ​បូកគោ ថែម​ទៀតផង។នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម មាន​សំណង់​អគារ​សាធារណៈ​ជាច្រើន​ប្រៀបដូចជា​ទីក្រុង​មួយ​ដ៏អស្ចារ្យក្នុងឋានសួគ៌កប់ពពក រឿងអីចង់លប់បំបាត់កេរ្តិ៍​ឈ្មោះ​ប្រវត្តិសាស្រ្ត ?
​នៅឆ្នាំ២០០៨ រាជរដ្ឋាភិបាលបានប្រគល់ជូនក្រុមហ៊ុនធំមួយរបស់លោក​ឧកញ៉ា សុខ គង់ ដែលគ្រប់គ្រងហ៊ុនជាច្រើនទៀតដូចជា ក្រុមហ៊ុនប្រេង សូគីម៉ិច សុខា អូតែល ​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត ជាដើម។ល។«តែបច្ចុប្បន្នរដ្ឋបានដកហូតការវិនិយោគលក់សំបុត្រទស្សនាអង្គរវត្តខេត្តសៀមរាបជារបស់រដ្ឋវិញ» និងចុងក្រោយធ្វើការអភិវឌ្ឍន៍​ភ្នំបូក​គោ​នេះឯង ។
​នាយជាល សូម​គាំទ្រ​ការអភិវឌ្ឍ​របស់​អស់លោក​ឧកញ៉ា តែ​សូមកុំ​អាង​មាន​លុយមក​កើប​ពី​ស្រុក​ខ្មែរហើយ ​បំផ្លាញបំបាត់​កេរ្តិ៍ឈ្មោះតំណែលដូនតា​ខ្មែរទៀត។ ​កុំ​ធ្វើ​ឲ្យ​រាស្ត្រ​ទឹកភ្នែក ព្រោះតែប្រយោជន៍​លាភសក្ការៈ​ផ្ទាល់ខ្លួន ដើរ​បំផ្លាញ​អ្នក​ដ៏​ទៃ​វា​មិនល្អ​ទេ !​ ហេតុ​អី​ មក​រុះផ្ទះ​ដូនតា​ខ្ញុំ​យកទៅ​ធ្វើ​អុស​ដុត​គ្រាន់តែ​ស្ងោរ​ពងទា​មួយ​គ្រាប់យ៉ាងនេះ ? ​បើមក​អភិវឌ្ឍន៍ ដុតកម្ទេចកេរិ៍្តតំណែលដូនតា ចង់សាងឈ្មោះខ្លួនឯងឲ្យល្បីលើគំនរដានចាស់ដដែល​មិនបាច់​ក៏បានដែរ ៕​

ដោយ៖ នាយជាល

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print