គណកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាUEC បានប្រកាសថា ការបោះឆ្នោតជាតិនឹងត្រូវធ្វើឡើងដូចការគ្រោងទុកគឺនៅថ្ងៃទី៨ខែវិច្ឆិកាខាងមុខដោយមិនមានការកែប្រែឡើយ។
ការប្រកាសខាងលើក្រោយពេលដែលUEC បានកោះប្រជុំជាបន្ទាន់មួយ ជាមួយគណបក្សទាំង១០នៅទីក្រុងNay Pyi Taw ដើម្បីពិភាក្សាអំពីការពន្យាពេលបោះឆ្នោត ក្រោយមានគ្រោះទឹកជំនន់នឹងបាក់ដីកើតឡើងនៅក្នុងប្រទេសនេះ។
ប្រភពព័ត៌មានបានបន្តទៀតថា មេដឹកនាំគណបក្សសម្ព័ន្ធមិត្តដើម្បីប្រជាធិបតេយ្យNLD ដែលជាគណបក្សប្រឆាំងដ៏ធំបំផុតនៅក្នុងប្រទេសនេះដឹកនាំដោយលោកស្រីអង់សានស៊ូជី បានប្រឆាំងទៅនឹងការពន្យាពេលបោះឆ្នោត ក្នុងពេលនោះគណបក្សធំៗ៣ទៀតមានគណបក្សកាន់អំណាច បានគាំទ្រការពន្យាពេលបោះឆ្នោត។ ប៉ុន្តែUEC មានសិទ្ធពេញលេញក្នុងការ សម្រេចពីពេលវេលាបោះឆ្នោតចុងក្រោយ បើទោះបីគណបក្សភាគច្រើនមិនគាំទ្រក៏ដោយ។ ទីបំផុតគណកម្មាធិការរៀបចំការបោះឆ្នោតបានសម្រេចបោះឆ្នោតយកកាលបរិច្ឆេតដែលបានគ្រោងទុកគឺនៅថ្ងៃទី៨ខែវិច្ឆិកាដដែល។
គ្រោះទឹកជំនន់បានញ៉មញីមីយ៉ានម៉ាជាច្រើនខែកន្លងមក បានសម្លាប់មនុស្សជាង១០០នាក់និងប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋជាងមួយលាននាក់។ក្រៅពីនេះទ្រព្យសម្បត្តិជាច្រើនក៏ត្រូវបានបំផ្លាញដោយគ្រោះទឹកជំនន់ក្នុងនោះមានកសិកម្មជាដើម៕