កូន​ប្រុស​ផ្កាយ​៣​ ហែម​ ថេង​ កំពុង​រត់​គេច​ខ្លួន​ ក្រោយ​ស៊ី​ដាច់​ប្រាក់​ជាង​១៤ម៉ឺន​ដុល្លារ​អាមេរិក​

ចែករំលែក៖

ខេត្តកំពង់ចាម​៖​កូនប្រុសលោកឧត្តមសេនីយ៍ផ្កាយ៣ ហែម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ គឺ​ ឈ្មោះ ហែម ចរិយា ជាជំនួយការផ្ទាល់ឪពុកនិងជាអនុប្រធាននាយកដ្ឋាន ត្រូវបានតុលាការខេត្តកំពង់ចាម ចេញដីកាបញ្ជា​ឱ្យ​កងកម្លាំងសមត្ថកិច្ច តាមចាប់ខ្លួន​ពាក់ព័ន្ធបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន៣១នាក់ រួមទាំងព្រះសង្ឃផងដែរ ចោទប្រកាន់​ស៊ីដាច់​ប្រាក់​ជាង១៤ម៉ឺនដុល្លារ រឿងរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ​តែ​បរាជ័យ​។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម បានបញ្ជា​ឱ្យ​លោកវរសេនីយ៍ឯក ហែម ចរិយា មានអត្តលេខ៦៦៥០៧ ជាជំនួយការលោកឧត្តមសេនីយ៍ឯក ហែម ថេង មានទីលំនៅបច្ចុប្បន្ននៅរាជធានីភ្នំពេញ ជាប់សង្ស័យបានប្រព្រឹត្តអំពើឆបោកប្រាក់ ចំនួន១៤​០,២៦៧ដុល្លារ កាលពីអំឡុងខែមករា ឆ្នាំ២០១៧ ឱ្យ​ចូល​បង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

ពាក់ព័ន្ធទៅនឹងសំណុំរឿងមួយនេះ ព្រះសង្ឃមួយអង្គព្រះនាម សេង សារី គង់នៅវត្តនគរបាជ័យ ភូមិអំពើលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក៏ត្រូវបានសមត្ថកិច្ចឃាត់ព្រះកាយ រហូតតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ដោយសារតែព្រះសង្ឃជាអ្នកដើរប្រមូលពលរដ្ឋរងគ្រោះទាំងនោះ ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ដោយម្នាក់បានចំណាយទឹកប្រាក់ ចាប់ពី១,០០០ដុល្លារ រហូតទៅដល់ខ្ទង់ម៉ឺនដុល្លារក៏មាន។

ដោយឡែក មន្ដ្រីនគរបាលជាន់ខ្ពស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ថ្លែង​ថា​ ឈ្មោះ​ ហែម ចរិយា ពិតជា​មន្ត្រី​នគរបាលនៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ពិតមែន ។ប៉ុន្ដែរហូតមកដល់ពេលនេះ បានរត់គេចខ្លួនបាត់ហើយ។

សម្រាប់ព្រះតេជគុណ ព្រះនាម សេង សារី វិញ ក៏បានផ្ញើសារចូលទំព័រ Facebook Page របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយមានខ្លឹមសារថា «លោក ហែម ចរិយា ​ដែលជាមន្ដ្រីនគរបាលជាតិផ្នែកអន្ដោប្រវេសន៍​ ដែរជាកូនរបស់ឯកឧត្តម ហែម ថេង មកបោកប្រាស់អាសត្មាភាពឲ្យរកមនុស្សចូលក្របខ័ណ្ឌនគរបាលជាតិ ដោយយកតួនាទីខ្លួន និងតួនាទីរបស់ឪពុកមកអះអាង ទឹកប្រាក់ដែរលោក ហែម ចរិយា បោកយកទៅចំនួន១៤០,០០០ដុល្លារ ក្នុងនោះមានទាំងព្រះសង្ឃ កូនសិស្សទាំងអស់៣១អង្គ/នាក់។ មនុស្សដែរអាត្មារកឲ្យលោក ហែម ចរិយា ឥលូវនេះគេប្ដឹងអាត្មាភាព អាត្មាភាពមិនដឹងធ្វើយ៉ាងណាម៉េចទេ»។

ពាក់ព័ន្ធនឹងករណីនេះ ដោយសារព្រះតេជគុណ សេង សារី ជាអ្នកជួយរកមនុស្ស និងយកលុយពីពលរដ្ឋទៅឲ្យឈ្មោះ ហែម ចរិយា ដើម្បីរត់ការនោះ ក៏ត្រូវបានប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងផងដែរ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print