ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង២២ និង២០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ដោយក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន ដោយមានការឯកភាពពីលោក តូច ភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ ប៉ៃលិន បានចាត់ឲ្យលោកវរសេនីយ៍ឯកសោម ប៉ិម ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើសនិងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ផង់ ជឿម នាយការិយាល័យ ប្រឆាំងគ្រឿងញៀន ចុះដឹកនាំកងកម្លាំងក្រោមឱវាទធ្វើការ បង្រ្កាបករណីសង្ស័យជួញដូរ និងប្រើប្រាស់នូវសារធាតុ ញៀនខុសច្បាប់ចំនួនមួយកន្លែង នៅចំណុចដីថ្មី ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ដោយ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ (ស្រី ០១នាក់) រួមនិងវត្ថុតាងប្រើប្រាស់ និងឧបករណ៍វេចខ្ចប់មួយចំនួន ។
សមត្ថកិច្ចនគរបាលជំនាញបង្ក្រាបគ្រឿងញៀនស្នងការខេត្តបានឱ្យដឹងថាជនសង្ស័យដែលបានឃាត់ខ្លួនពីបទចែកចាយនិងប្រើប្រាសគ្រឿងញៀន ទាំងនោះមានឈ្មោះដូចខាងក្រោម៖ទីឈ្មោះ១- មឿន សុខហឿន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ឃុំកើតហេតុខាងលើ (មុខសញ្ញាទើបចេញពីពន្ធនាគារ)ទី២ឈ្មោះ នង វីឡា (ហៅអាតឿ) ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ឃុំកើតហេតុខាងលើ (មានសារធាតុញៀនក្នុងខ្លួន)ទី៣ ឈ្មោះ- ជុំ ចិន្រ្តា ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
ក្រោយពីការចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់រួចកម្លាំងសមត្ថកិច្ចនគរបាលជំនាញនៃស្នងការខេត្តប៉ៃលិនក៏បញ្ជូនមកកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនស្នងការខេត្តសេចក្តីសាកសួរ និង កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិន ដើម្បីចា ត់ការតាមនិតិវិធីច្បាប់ ៕ ស សារ៉េត