ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យជាមេខ្លោងចោរលួចយ៉ាងសកម្មប្រចាំតំបន់បឹងទន្លេសាបម្នាក់ក្នុងចំណោមបក្ខពួក ៧នាក់ទៀតដែលបានរត់គេចខ្លួន ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលធ្វើការឃាត់ខ្លួនបានហើយ រួមទាំងវត្ថុតាងផងដែរ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៤ និង០០នាទីទាបភ្លឺ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ នៅលើផ្ទៃទឹកបឹងទ្លេសាប ត្រង់ចំណុចផាត់សណ្ដោង ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យជាមេខ្លោងចោរលួចទ្រព្យសម្បាតិប្រជានេសាទតំបន់បឹងទន្លេសាបត្រូវឃាត់ខ្លួនឈ្មោះ យ៉ យាំុងតាយ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិវៀមណាម ស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដកយកវត្ថុតារួមមាន.មងចំនួន ១៣៤ដៃ.មធ្យោបាយធ្វើដំណើរបាឡាស្មាច់ចំនួន ៣គ្រឿង មានម៉ាសុីនចំនួន ២គ្រឿង គ្មានម៉ាសុីនចំនួន ១គ្រឿង ចំណែកបក្ខពួកចំនួន ៦នាក់ទៀត ទី១ ឈ្មោះ យ៉ យាំុងដុង ភេទប្រុស ជនជាតិវៀមណាម(ត្រូវជាកូន គេចខ្លួន) ទី២ ឈ្មោះ យ៉យាំុងលែ ភេទប្រុស ជនជាតិវៀមណាម(ត្រូវជាកូន គេចខ្លួន) ដោយឡែក៖ ចំនួន ៣នាក់ទៀត(មិនស្គាល់អត្តសញ្ញាណ គេចខ្លួន)។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបន្តថា ជនរងគ្រោះជាម្ចាស់មងឈ្មោះ ជា សាំ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិវៀមណាម ស្នាក់នៅភូមិផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ បានទៅនេសាទត្រីនៅចំណុចកើតហេតុខាងលើ។
លោក អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបន្តទៀតថាចំពោះករណីខាងលើនេះ ជនសង្ស័យជាមេខ្លោងចោរលួចទ្រព្យសម្បាតិប្រជានេសាទយ៉ាងសកម្មប្រចាំតំបន់បឹងទន្លេសាប ប៉ុន្តែកន្លងមកគ្មានសមត្តកិច្ចឃាត់ខ្លួនពុំដែលបាននោះទេ ហើយរកភស្តុតាងដើម្បីដាក់បន្ទុកក៍គ្មាននោះដែរ ទើបពេលនេះត្រូវកម្លាំងយើងធ្វើការឃាត់ខ្លួន ហើយកំពុងបន្តនីតិវិធីបំពេញសំណំឯកសារពាក់ព័ន្ធនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ចំពោះវត្ថុតាងបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ៕ បឹុម ពិន