ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ប៉ុស្តិ៍នគរបាលរដ្ឋបាលកញ្ជរសហការគ្នា ឃាត់ខ្លួនជនជាប់ចោទម្នាក់តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ដោយជាប់ចោទពីបទ៖ ហឹង្សាដោយចេតនាមានស្ថានទម្ថន់ទោសដោយមរណៈភាពនៃជនរងគ្រោះ។
ប្រតិបត្តិការអនុវត្តដីកាសាលាដំបូងខេត្តពោធិ៍សាត់ខាងលើ ធ្វើឡើងកាលពីវេលាម៉ោង១០ និង១០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិសំរោង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
នៅក្នុងដីកាបង្គាប់ឲ្យនាំខ្លួន លេខ ២០ ដបនខ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ចេញដោយលោក រស់ ផូរា ចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់បញ្ជាក់ថា ជាប់ចោទពីបទ៖ ហឹង្សាដោយចេតនាមានស្ថានទម្ថន់ទោសដោយមណភាពនៃជនរងគ្រោះឈ្មោះ ប៊ិន ឡា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ទីលំបច្ចុប្បន្ន ភូមិពោធិ៍អណ្ដែត ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
នៅក្នុងដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមបន្តថា ជនជាប់ចោទឈ្មោះ ប៊ិន ឡា បានប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិពោធិ៍អណ្ដែត ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ក្នុងករណីបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាបញ្ញាតិ្តមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌ។
ក្នុងដីកាដដែលនោះបន្តទៀតថា បានឃើញដីកាបង្គាប់ឲ្យចូលខ្លួន ចុះថ្ងៃទី២៦ ខែមករា ២០១៧ ឃើញថាជននេះរឹងរូសមិនព្រមបង្ហាញខ្លួនតាមដីកានោះទេ ដើម្បីធានាក្នុងការសើបសួរឲ្យបានពេញលេញ ទើបគប្បីសម្រេចនាំខ្លួនឈ្មោះ ប៊ិន ឡា មកចំពោះមុខចៅក្រមសើបសួរ ដើម្បីបំភ្លឺការពិត ហេតុដូច្នេះហើយទើបសម្រេចឲ្យនាំឈ្មោះ ប៊ិន ឡា ដែលមានអត្តសញ្ញាណដូចខាងលើនេះ ហើយសមត្តកិច្ចបានអនុវត្ត និងបញ្ជូនមកដល់សាលាដំបូងខេត្តពោធិ៍សាត់ដែរ ដើម្បីបន្តនីតិវិធីបន្ថែម៕
ដោយ៖ បុឹម ពិន