នគរបាល​ស្រុក​ភ្នំស្រួច​អំពាវនាវ​រក​សាច់ញាតិ​បុរស​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់​នៅ​ត្រែង​ត្រ​យឹ​ង​

ចែករំលែក៖

​ខេត្តកំពង់ស្ពឺ​៖​ នគរបាល​ស្រុក​ភ្នំស្រួច​បាន​ប្រកាស​រក​សាច់ញាតិ​បុរស​ម្នាក់​ដែល​ត្រូវ​រថយន្ត​បុក​ស្លាប់​កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវជាតិ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៥​ និង​លេខ​៩៦​ ត្រង់​ចំណុច​ភូមិ​ទី​៣​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ។​

FB_IMG_1445002466485

​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ប្រទះ​ឃើញ​សាកសព​បុរស​ខាងលើ​ សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ ក្រែង​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ តែ​នៅ​ពេល​ពិនិត្យ​រួច​ទើប​ដឹង​ថា​ មិនមែន​ជា​ករណី​ឃាតកម្ម​នោះ​ទេ​ គឺជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ។​ មូលហេតុ​ដែល​សមត្ថកិច្ច​ហ៊ាន​អះអាង​បែប​នេះ​ ដោយសារ​ឃើញ​មាន​ស្នាម​កង់​រថយន្ត​នៅ​ក្បែរ​កន្លែង​កើតហេតុ​ ហើយ​ជន​រង​គ្រោះ​មាន​ស្នាម​កកិត​រលាត់​ និង​បុក​ ។​

​មិន​មាន​សាក្សី​ណា​ម្នាក់​ហ៊ាន​អះអាង​ថា​ រថយន្ត​ដែល​បុក​បុរស​រង​គ្រោះជា​ប្រភេទ​អ្វី​នោះ​ដែរ​ ហើយ​មិនដឹង​ថា​ ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ពី​ណា​ទៅ​ណា​ដែរ​ តែបើ​តាម​ជំនាញ​បច្ចេកទេស​នគរបាល​ចរាចរណ៍​អះអាង​ថា​ រថយន្ត​បង្ក​បើកបរ​ពី​លិចទៅ​កើត​ ហើយ​ទំនងជា​ជន​រង​គ្រោះ​ដើរ​ឆ្លងផ្លូវ​ទើបត្រូវ​រថយន្ត​បុក​ស្លាប់​បែប​នេះ​ ។​

​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ គ្មាន​នរណា​ម្នាក់​ស្គាល់​ជន​រង​គ្រោះ​នោះ​ឡើយ​ ។​ ក្រោយ​វាស់វែង​រួច​ សមត្ថកិច្ច​រុំ​សព​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ត្រែង​ត្រ​យឹ​ង​ដើម្បី​ស្រាវជ្រាវ​រក​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​សមត្ថកិច្ច​បាន​អំពាវនាវ​ផង​ដែរ​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​បាត់​សមាជិកគ្រួសារ​ដូច​ភិនភាគ​ក្នុង​រូបថត​នេះ​ សូម​មក​ទំនាក់ទំនង​ជាមួយ​នគរបាល​ស្រុក​ភ្នំស្រួច​ដើម្បី​បំពេញបែបបទ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​សព​មាន​សម្បុរ​ស​ជ្រះ​ កម្ពស់​ប្រហែល​១.៦៥​ម៉ែត្រ​ អាយុ​ប្រហែល​៤០​ឆ្នាំ​ជាង​ មាឌ​ស្គម​ ស្លៀកខោ​ខ្មៅ​ជើង​ខ្លី​ អាវ​ប្រផេះ​ដៃ​វែង​ និង​មាន​សក់​រុញ​អង្គាដី​ ៕​

...

ដោយ៖ សេនា​ស័ក្តិ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print